Connect with us

Hi, what are you looking for?

ក្នុងស្រុក

មកដឹងពីគម្លាតដែលត្រូវចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ និង​ប្រភេទវ៉ាក់សាំងដែលត្រូវ​ចាក់

កាលពីថ្ងៃម្សិលមិញនេះ រាជរដ្ឋាភិបាលបានសម្រេច​ដាក់ចេញនូវ​គោល​នយោបាយ​ចាក់វ៉ាក់សាំងកូវីដ១៩​ដូសជំរុញ ទៅ​ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បី​ការពារជំងឺកូវីដ១៩ ពិសេស​ប្រភេទបំប្លែងថ្មី។ តើ​យើងអាចចាក់ដូសជំរុញនេះនៅពេលណា ហើយ​វ៉ាក់សាំងប្រភេទអ្វីដែលយើង​នឹង​ត្រូវ​ចាក់?

ពលរដ្ឋទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចាក់ដូសជំរុញ

បើតាម​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល សម្រាប់​មន្រ្តីបម្រើ​ការ​ជួរ​មនុស្ស, មនុស្ស​ចាស់ដែលមានអាយុ​ចាប់ពី ៦០ឆ្នាំឡើង និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយខ្សោយ ការ​ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ គួរ​ធ្វើ​ឡើង​នៅ​ចន្លោះខែទី៤ និង​ខែទី៦ បន្ទាប់ពីទទួល​ការ​ចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។ ដោយ​ឡែកសម្រាប់​ប្រជាជនទូទៅ​ផ្សេង​ទៀត ការ​ចាក់វ៉ាក់សាំង​កូវីដ១៩ ដូសជំរុញ គួរ​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែទី៦ និង​ខែទី៨ បន្ទាប់ពីទទួលការ​ចាក់វ៉ាក់សាំងមូលដ្ឋាន​បានគ្រប់ដូស។

ចំពោះវ៉ាក់សាំង​សម្រាប់​ចាក់ដូសជំរុញវិញ ក្រសួងបានបញ្ជាក់ថា ទោះប្រើវ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំង​ប្រភេទខុសគ្នាក៏ដោយ គឺមិនបង្ក​ឲ្យ​មានផលរំខានច្រើនលើស​ពីផលរំខាន​ដែលបង្ក​ឡើង​ដោយ​វ៉ាក់សាំង​នីមួយៗជាធម្មតានោះទេ ប៉ុន្តែ​ការ​ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញនេះ ថែមទាំងអាច​បង្កើន​បាន​នូវ​ប្រព័ន្ធ​ការពា​ររាងកាយ​កាន់តែរឹងមាំ ក្នុងការ​ទប់ទល់នឹង​មេរោគ​កូវីដ១៩ ប្រភេទដែលតា និង​ប្រភេទ​បំប្លែង​ខ្លួនថ្មីផ្សេង​ទៀត។

យ៉ាងណាក៏ដោយ ក្រសួងបានណែនាំ​អ្នក​ដែលបានចាក់វ៉ាក់សាំង​ប្រភេទ Inactivated Virus ដូចជា​វ៉ាក់សាំង Sinopharm ឬ​ Sinovac ជាវ៉ាក់សាំង​មូលដ្ឋានចំនួន២ដូស​រួចហើយ អាច​ចាក់វ៉ាក់សាំង​ប្រភេទ Inactivated Virus ដូចគ្នា ដូចជា Sinopharm ឬ Sinovac ជាដូសជំរុញ​ក៏​បាន ឬអាច​ចាក់វ៉ាក់សាំងប្រភេទ​ផ្សេង​គ្នា ដូចជាវ៉ាក់សាំងប្រភេទ Viral Vector (វ៉ាក់សាំង AstraZeneca) ឬ​វ៉ាក់សាំង​ប្រភេទ mRNA (វ៉ាក់សាំង Pfizer ឬ​ Moderna) ជា​ដូសជំរុញក៏បាន។

ដោយ​ឡែក​ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជា AstraZeneca ឬ​ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស​រួចហើយ អាច​ចាក់វ៉ាក់សាំង​ប្រភេទ Viral Vector ដូចគ្នា ដូចជា AstraZeneca ឬ​ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាច​ចាក់វ៉ាក់សាំងប្រភេទ mRNa ដូចជាវ៉ាក់សាំង Pfizer ឬ​ Moderna ជា​ដូសជំរុញ​ក៏បាន៕

Advertisement
Advertisement