Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ ភាគីខាងឈ្នះក្តីតាំងពីសាលាដំបូង រហូតដល់កំពូល នៅតែមិនអាចចូលទៅគ្រប់គ្រងបាន

ព្រះសីហនុ៖ សាលដីកាតុលាការកំពូលលេខ១៦៥ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានសម្រេច និងបង្គាប់ឲ្យលោក លឹម ហ៊ុយ ឡេង និងប្រពន្ធឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ទៅឲ្យលោកស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ប៉ុន្តែ សាលដីកាតុលាការកំពូលនោះ មិនត្រូវបាន លោក លឹម ហ៊ុយឡេង និងប្រពន្ធអនុវត្តតាមឡើយ។

លោកស្រី ខូវ ប៉ោស៊ាង បានធ្វើការបញ្ជាក់ថា រូបគាត់មានដី មួយកន្លែងទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ត្រូវបានលោក លឹម ហ៊ុយឡេង និងប្រពន្ធ ធ្វើប្លង់កម្មសិទ្ធិរំលោភយក ទាំងបំពាន។ពាក់ព័ន្ធករណីនេះ លោកស្រី បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីទាមទារដីនោះយកមកវិញ ហើយសាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្រេច និងតម្រូវឲ្យលោក លឹម ហ៊ុយឡេង និងប្រពន្ធ ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ដែលមាននៅក្នុងវិញ្ញាបនបត្រសម្គាល់អចលនវត្តុលេខ ១៨០១០ ២០២.០៣៨៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ (បណ្ណ័កម្មសិទ្ធិលោក លឹម ហ៊ុយឡេង) ទៅឲ្យលោកស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងធ្វើជាម្ចាស់កម្មសិទ្ធិវិញ។ ប៉ុន្តែការសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ត្រូវបាន លោក លឹម ហ៊ុយឡេង និងប្រពន្ធ ដាក់ពាក្យប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូល ប៉ុន្តែជាលទ្ធផលសាលាឧទ្ធរណ៍និង តុលាការកំពូល នៅតែ សម្រេចឲ្យលោក លឹម ហ៊ុយឡេង និងប្រពន្ធ ឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រ ការ៉េ ទៅលោកស្រី ខូវ ប៉ោស៊ាង ដ៏ដែល ព្រមទាំងចេញដីកាបង្គាប់ឲ្យអាជ្ញាធរសុរិយោដីដែលមានសមត្ថកិច្ចធ្វើវិធីផ្ទេរចុះបញ្ជី ឬសិទ្ធិ(កាត់ឈ្មោះ)ដីទំហំ ៥៣៧៧ម៉ែត្រការ៉េប្រគល់ឲ្យ លោកស្រី ខូវ ប៉ោស៊ាង ផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក លឹម ហ៊ុយឡេង និងប្រពន្ធ ហាក់មានចេតនាមិនព្រមអនុវត្តតាមសាលដីកាតុលាការកំពូលនោះឡើយ បើទោះជា លោក ឡា ប៊ុនហួន អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុបានចុះទៅអនុវត្តសាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២០ ដល់ទីតាំងដីដែលត្រូវប្រគល់ឲ្យលោក ស្រី ខូវ ប៉ោស៊ាង រួចហើយក៏ដោយ។

លោក ជា តារា តំណាងលោក លឹម ហ៊ុយ ឡេង បានឱ្យដឹងថា ដីរបស់ភាគីខាងលោក គឺជាដីដែលមានបណ្ណ័កម្មសិទ្ធិស្របច្បាប់ដែលកសាងឡើងដោយមន្រ្តីជំនាញត្រឹមត្រូវ ហើយបច្ចុប្បន្នប័ណ្ណកម្មសិទ្ធិទីតាំងដីនោះនៅតែជាកម្មសិទ្ធិដ៏ដែល។

លោកបន្តថា លោកទទួលស្គាល់ថាលោកពិតជាចាញ់ក្តី លោក ស្រី ខូវប៉ោស៊ាង ប្រាកដ មែន ហើយលោកក៏មិនជំទាស់នូវការអនុវត្ត អំណាចសាលដីការបស់តុលាការកំពូលនោះដែរ ប៉ុន្តែលោកសំណូមពរ ទៅភាគី លោកស្រី ខូវប៉ោស៊ាង ផ្អាកការសាងសង់របងសិន ដើម្បីរង់ចាំឱ្យជំនាញគ្រប់ស្ថាប័ណ្ណចូលរួមវាស់វែងចុចនិយាមការឲ្យបានច្បាស់លាស់៕
ដោយ ដែនសមុទ្រ

Advertisement
Advertisement