Connect with us

Hi, what are you looking for?

ក្នុងស្រុក

សប្តាហ៍ខាងមុខ ភូមិសាស្រ្តមួយ​ចំនួន​ក្នុងប្រទេស​កម្ពុជា អាចនឹងមានជំនន់ទឹកភ្លៀង

តាមការ​ជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា ក្នុង​អំឡុង​សប្តាហ៍​ខាងមុខនេះ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពីជ្រលង​សម្ពាធទាប​ឥណ្ឌា​ក្នុង​កម្រិត​ខ្លាំង ជាមួយ​ប្រព័ន្ធសម្ពាធទាប, ក្នុងនោះ​នៅ​ថ្ងៃទី២-៤ និង​ថ្ងៃទី៧ ខែកញ្ញា នឹងមាន​ឥទ្ធិពល​បន្ថែមពីខ្យល់សមុទ្រ Breeze។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់វាល​ទំនាបកណ្តាល អាចនឹងមាន​ភ្លៀងធ្លាក់​ក្នុង​កម្រិត​ពីមធ្យម​ទៅច្រើន លាយឡំដោយ​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់, ទន្ទឹមនោះ​អាចមានភូមិ​សាស្រ្ត​មួយ​ចំនួន​ មាន​ជំនន់ទឹកភ្លៀងកើតឡើង។

សម្រាប់បណ្តា​ខេត្តជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន អាចនឹងមាន​ភ្លៀងធ្លាក់​ក្នុង​កម្រិតពីមធ្យម​ទៅច្រើន លាយ​ឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

ដោយ​ឡែក​សម្រាប់​តំបន់មាត់សមុទ្រវិញ អាចនឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​បង្គួរ​ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ហើយផ្ទៃសមុទ្រ ពិសេស​ក្បែរ​បណ្តា​កោះ រលក​សមុទ្រ​នឹង​អាច​កើត​មានឡើងក្នុងកម្រិតមធ្យម៕

Advertisement
Advertisement