Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រធានមន្ទីររ៉ែ ៖ ករណីរណ្តៅដីនៅក្នុងបឹងតាកែវ គឺមានច្បាប់ទាំងអស់

ករណីបឹងតាកែវ ដែល​ត្រូវ​អង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់ឲ្យ​អាជ្ញាធរ​ខេត្តតាកែវ មានវិធានការទប់ស្កាត់ ចំពោះករណីជីកយកអាចម៌ដី ការ​ចាក់ដីលុបអាង និង​ការ​សង់សំណង់ផ្សេងៗនោះ សម្រាប់​លោក ផេង វុធ ប្រធាន​មន្ទីរ​ រ៉ែ និង​ថាមពល ខេត្តតាកែវ បានថ្លែងថា សម្រាប់ករណីរណ្តៅដី​នៅ​ក្នុង​បឹងតាកែវ គឺមាន​ច្បាប់ទាំងអស់។

_

លោកថា ក្នុង​លិខិត​របស់អង្គភាពប្រឆាំង​អំពើពុករលួយបាន​បញ្ជាក់យ៉ាងច្បាស់ហើយថា បាតុភាព​ដែល​កើតមាន​ចំពោះ​បឹងតាកែវនោះ គឺជាទំនាស់បុគ្គលប៉ុណ្ណោះ ហើយ​ចំពោះ​ករណីរណ្តៅដី​នៅ​ក្នុង​បឹងតាកែវនោះ គឺសុទ្ធតែមានច្បាប់​ចេញពីមន្ទីរ​រ៉ែទាំងអស់ ហើយ​ប្រសិន​បើ​គ្មាន​ច្បាប់ទេ គឺច្បាស់ជាជាប់គុកហើយ។

សូម​បញ្ជាក់ដែរថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២១ អ្នក​នាំពាក្យ​អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ស្នើសុំឱ្យដល់អាជ្ញាធរខេត្តតាកែវត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

_

ក្នុងនោះមានដូចជា ការជីកយកអាចម៍ដីពីផ្ទៃបាតបឹង, ការចាក់ដីលុបផ្ទៃអាងទឹក, ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក, ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹកដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។

ជាមួយ​គ្នា​នេះ បើតាមអ្នកនាំពាក្យ​អង្គភាពប្រឆាំងអំពើពុករលួយថា ខ្លួន​នឹង​បន្ត​តាមដានករណីនេះ និង​មានវិធានការ​តាមផ្លូវ​ច្បាប់បន្ត​បន្ទាប់ទៀត តាមសភាពការ​វិវដ្តជាក់ស្តែង៕

Advertisement
Advertisement