Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការ​ស្ថាបនា​ផ្លូវមួយខ្សែនៅ​ឃុំតាភេម ស្រុកត្រាំកក់ ត្រូវ​រាំងស្ទះដោយសារ​របងផ្ទះរបស់លោកមេទាហានម្នាក់

ប្រជាពលរដ្ឋ​ជិត​៥រយគ្រួសារ រស់​នៅ​ក្នុង​ភូមិ​ត្បែង​ទទឹង និង​ភូមិ​ខ្លា​ក្រហឹម នៃឃុំតាភេម ស្រុកត្រាំកក់ កាលពីពេលថ្មីៗនេះ បាននាំគ្នា​ផ្តិតមេដៃ ស្នើ​ដល់​អភិបាល​ស្រុក ឲ្យ​ជួយ​អន្តរាគមន៍ ក្រោយគម្រោង​ស្ថាបនាផ្លូវ​លំសម្រាប់ពួកគាត់ធ្វើដំណើរ​ដឹកជញ្ជូន​កសិផលត្រូវបានរាំងស្ទះ​ដោយ​សាររបងថ្ម របស់ផ្ទះអ្នកមានអំណាចម្នាក់។

_

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋថា ផ្លូវនេះត្រូវ​បានឃុំរៀបចំធ្វើ​ការ​សាងសង់​ដោយប្រើប្រាស់នូវ​ថវិកា​មូលនិធិឃុំ មានប្រវែងប្រមាណ ១៨០០ម៉ែត្រ ប៉ុន្តែផ្លូវនេះ​មិន​អាច​ស្ថាបនាទៅមុខបានទេ ដោយសារបងថ្មរបស់អ្នកមានអំណាចម្នាក់មានប្រវែងដល់ទៅជាង១០០ម៉ែត្រ មិនព្រមរុះរើចេញសោះ ដែលធ្វើ​ឲ្យ​គម្រោងត្រូវ​រាំងស្ទះ​រហូតដល់បច្ចុប្បន្ន។

ពលរដ្ឋថា ក្រោយឃើញកាស្ថាបនាមិនទៅមុខ ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុងការធ្វើដំណើរនោះហើយ ទើបពួកគាត់នាំគ្នាផ្តិតមេដៃ សុំឲ្យ​លោកចៅហ្វាយស្រុកជួយអន្តរាគមន៍តែម្ដងទៅ។

លោក សុំ ផាសឺត មេឃុំតាភេម បានឲ្យ​ដឹងថា គម្រោងផ្លូវ​ដែលធ្វើ​ឡើង​ដោយ​មូលនិធិឃុំសង្កាត់នោះ គឺចំណាយលុយ២៣១លានរៀល ដេញថ្លៃបានដោយក្រុមហ៊ុនគឹម សម្បតិ្ត ដើម្បីស្ថាបនាផ្លូវលំក្រាលគ្រួសសរ មានប្រវែង១៨០០មែត្រ តែរហូតមកទល់ពេលនេះស្ថាបនាមិនទៅមុខទេដោយស្ទះរបងថ្មរបស់លោក លឹម សាម៉ន ហៅចាប ជាមន្ត្រីយោធានៅភ្នំពេញ ដោយ​គាត់​មិនព្រមរុះរើ។

យ៉ាងណាក៏ដោយ លោកមេឃុំថា សំណើរបស់ពលរដ្ឋ​ទាំងអស់ លោកនឹងជំរាបទៅលោកអភិបាលស្រុកត្រាំកក់ តើលោកនឹងមានចំណាត់ការយ៉ាងណាទៀត?

នៅថ្ងៃនេះ យើង​មិន​អាច​ស្វែងរកការបំភ្លឺពីលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានទេ ចំពោះ​ចំណាត់ការ​របស់អាជ្ញាធរស្រុក ករណីរបងរបស់អ្នកមានអំណាចមួយនេះ តែគេ​រំពឹងថា អាជ្ញាធរ​ស្រុកនឹងមិន​ឲ្យ​អ្នក​មាន​អំណាចធ្វើឲ្យ​រាំងស្ទះដល់ការ​អភិវឌ្ឍន៍របស់មូលដ្ឋាននេះទេ៕

Advertisement
Advertisement