Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ ៤២ទីតាំង សម្រាប់ការចាក់វ៉ាក់សាំងជូនកុមារ អាយុពី៦ ដល់១២ឆ្នាំ

រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹង​នៅថ្ងៃនេះថា សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ ជូន​កុមារ​ដែលមាន​អាយុ​ចាប់ពី៦ឆ្នាំ ដល់ក្រោម​ ១២ឆ្នាំ ខ្លួន​បាន​រៀបចំមណ្ឌល​សុខភាព ក៏​ដូចជាមន្ទីរពេទ្យ​ ចំនួន ៤២ទីតាំង ស្ថិត​ក្នុង​ខណ្ឌទាំង១៤ សម្រាប់យុទ្ធនាការនេះ។

តាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២១ បានបញ្ជាក់ថា យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ ជូនកុមារ​ដែលមាន​អាយុ​ចាប់ពី៦ឆ្នាំ ដល់​ក្រោម ១២ឆ្នាំនេះ សម្រាប់ដូសទី១ នឹង​ចាប់ផ្តើម​ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ​២០២១ និង​សម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២១ រៀងរាល់ម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល។

ជាមួយ​គ្នា​នេះ សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលមក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ សូមមាតាបិតា អាណាព្យាបាល និង​អ្នក​គ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ​ទាំងអស់ ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ ដូចជា៖
– សំបុត្រ​កំណើត ឬសំបុត្រ​បញ្ជាក់​កំណើត ឬ​លិខិត​ឆ្លង​ដែន ឬសៀវភៅស្នាក់ ឬសៀវភៅគ្រួសារ
– លិខិតព្រមព្រៀងអនុញ្ញាតឲ្យ​ចាក់វ៉ាក់សាំង
– ចំពោះកុមារកំព្រាដែលមានរស់នៅមណ្ឌលនានា ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតជាលាយលក្ខណ៍អក្សរពីសំណាក់អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ
– ចំពោះកុមារដែលជាជនអនាថា អាជ្ញាធរមូលដ្ឋាន ត្រូវ​សហការជាមួយ​មន្ទីរសង្គមកិច្ច ចេញលិខិត​បញ្ជាក់ និង​នាំយកពួកគេមក​ទទួលវ៉ាក់សាំង​ឲ្យ​បានគ្រប់ៗគ្នា។

Advertisement
Advertisement