យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅសប្តាហ៍ទី៣នៃខែកញ្ញា (ថ្ងៃទី១៨-១៩) នេះ កម្ពុជាទទួលបានភ្ញៀវសរុប ៧៩,០១៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៧,៨០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២១១ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ៖ ២៣,១៩៣ នាក់
* ខេត្តកំពត៖ ២២,៤៣៨ នាក់
* ខេត្តកែប៖ ៨,១៤៤ នាក់
* ខេត្តព្រះសីហនុ៖ ៥,០៦៧ នាក់
* ខេត្តពោធិ៍សាត់៖ ៤,៥៧៣ នាក់។
តួលេខនេះមានការកើនឡើងប្រមាណ ២០% ធៀបនឹងសប្តាហ៍កន្លងមក ដែលជាសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង។ ប៉ុន្តែទន្ទឹមនឹងនេះ គោលដោទេសចរណ៍នៅតាមខេត្តមួយចំនួន នៅបន្តផ្អាកសកម្មភាពតាមរយៈការបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែកក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដូចជាខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម។
បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា តំបន់ឆ្នេរសមុទ្រនៃខេត្តកំពត កែប និងព្រះសីហនុ រួមជាមួយតំបន់អេកូទេសចរណ៍ ដូចជាតំបន់ភ្នំខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ និងតំបន់ភ្នំ១៥០០ និងផ្លូវបុប្ផាលាក់ខ្លួនក្នុងស្រុកវាលវែងក្នុងខេត្តពោធិសាត់ជាដើម គឺជាគោលដៅពេញនិយម និងទទួលបានភ្ញៀវទេសចរច្រើនក្នុងសប្តាហ៍កន្លងមក៕