Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្លាំងជិត ២ពាន់នាក់ត្រូវដាក់ពង្រាយដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

កម្លាំងជិត ២ពាន់នាក់ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងរាជធានី នាឱកាសរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ចាប់ពីថ្ងៃទី២២ ខែកញ្ញានេះ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីកន្លងទៅថ្មីៗនេះថា កម្លាំងចំនួន ១.៩២១នាក់ នឹងត្រូវដាក់ឲ្យ​ឈរជើងនៅតាមគោលដៅសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ពិសេសឈរជើងនៅតាមវត្តអារាម ទាំង ១៥១វត្ត និងនៅតាមច្រកចេញ-ចូល រាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាម ក៏ដូចជាចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនានា។

ក្នុងចំណោមកម្លាំងទាំងនេះ ត្រូវបានបែងចែកចេញជាផែន សម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍ អន្តរាគមន៍ អគ្គិភ័យ ល្បាត និងបង្ក្រាបបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយនូវអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន និងគាស់ផ្ទះជាដើម ខណៈដែរបងប្អូនប្រជាពលរដ្ឋចាកចេញទៅស្រុកកំណើតអស់នោះ។

ជាមួយគ្នានេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ បានបញ្ចុះកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ សំដៅធ្វើយ៉ាងណាពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ឱ្យបានគត់មត់ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿទុកចិត្តមកលើសមត្ថកិច្ច ៕

Advertisement
Advertisement