Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ ខួប ២៨ឆ្នាំ នៃការប្រកាស​រដ្ឋធម្មនុញ្ញ

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២១នេះ គឺជាខួប២៨ឆ្នាំហើយ ក្រោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ប្រកាស​ឲ្យ​ប្រើប្រាស់ជា​ផ្លូវការ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​១៩៩៣។

សូមបញ្ជាក់ដែរថា រដ្ឋធម្មនុញ្ញ ដែលកម្ពុជាកំពុងនិងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ គឺជារដ្ឋធម្មនុញ្ញលើកទី៦ បន្ទាប់ពីសង្រ្គាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

ចាប់​តាំង​១៩៩៣​មក រហូតដល់​ពេលនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើ​វិសោធនកម្ម​ចំនួន​៨​លើក​ហើយ ដោយលើកទី១ ធ្វើឡើងនៅខែកក្កដា ឆ្នាំ១៩៩៤, លើកទី២ ខែ មីនា ឆ្នាំ ១៩៩៩, លើកទី៣ ខែ កក្កដា ឆ្នាំ ២០០១, លើកទី៤ ខែមិថុនា ឆ្នាំ ២០០៥, លើកទី៥ ខែ មីនា ឆ្នាំ ២០០៦, លើកទី៦ ខែ កុម្ភៈ ឆ្នាំ ២០០៨ និងលើកទី៧ ខែតុលា ឆ្នាំ២០១៤ គឺធ្វើវិសោធនកម្មមាត្រា៧៦ ដាក់បញ្ចូលច្បាប់បោះឆ្នោតទៅច្បាប់កំពូលរបស់ជាតិ និងលើកទី៨ នៅខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានកែប្រែមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៥៣ និងមាត្រា១១៨ ស្តីពីការកំណត់សមាសភាពសមាជិកគណៈរដ្ឋមន្ត្រី។

ប្រវត្តិ នៃការបង្កើតរដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា

រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា តាមពិតទៅ​បាន​ចាប់​កំណើតដំបូង​តាំងពីឆ្នាំ ១៩៤៧មកម្ល៉េះ ដោយ​គិតមកទល់ពេលនេះ កម្ពុជាបានផ្លាស់ប្តូររដ្ឋធម្មនុញ្ញចំនួន៦ដង ទៅតាម​សម័យ​គ្រប់គ្រងរដ្ឋនីមួយៗ។

* រដ្ឋធម្មនុញ្ញលើកទី១៖ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ដែលមាន ១២ជំពូក និង ១២២មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧នេះជារដ្ឋធម្មនុញ្ញអាស្រ័យធម្មនុញ្ញតែរដ្ឋធម្មនុញ្ញនេះ មិនមានផ្លាស់បប្តូរទម្រង់ នៃការដឹកនាំនោះទេ គឺគ្រាន់តែមានការប្រែប្រួលខ្លះៗ ទៅតាមសភាពការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។

* រដ្ឋធម្មនុញ្ញលើកទី២៖ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋខ្មែរ ដែលមាន១១ ជំពូក និង១២១ មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែឧសភា ១៩៧២។ រដ្ឋធម្មនុញ្ញនេះ ធ្វើឲ្យមានការផ្លាសប្តូររបបនយោបាយពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋ បែបសហរដ្ឋអាមេរិកវិញ។

* រដ្ឋធម្មនុញ្ញលើកទី៣៖ គឺជារដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យដែលមានតែ ២១មាត្រា ចែកចេញជា ១៦ជំពូក ហើយត្រូវបានអនុម័តនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យនេះ ដែលធ្វើឲ្យមានការផ្លាសស់ប្តូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសខ្មែរ ពីរបបសារធារណរដ្ឋ ប្រែទៅជារបសកុម្មុនីសផ្តាច់ការ សម្លាប់រង្គាលលើប្រជាជនខ្លួនឯង ក្នុងអំឡុងពេលបីឆ្នាំ ៨ខែ និង ២០ថ្ងៃ។

* រដ្ឋធម្មនុញ្ញលើកទី៤៖ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ មាន៩៣ មាត្រា និង១០ ជំពូក ហើយត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យ លេខ ០១ក្រ ចុះថ្ងៃទី ២៥ ខែមថុនា ឆ្នាំ ១៩៨១។

* រដ្ឋធម្មនុញ្ញលើកទី៥៖ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៨៩ រដ្ឋសភានៃរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដោយកែឈ្មោះប្រទេសកម្ពុជាពី សាធា រណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ នៅក្នុងមាត្រា៤ នៃរដ្ឋធម្មនុញ្ញនេះ ចែងថា រដ្ឋកម្ពុជាអនុវត្តិរបបនយោបាយពហុបក្ស។ រដ្ឋធម្មនុញនេះ មាន៩៣ មាត្រា និង១០ ជំពូក។

* រដ្ឋធម្មនុញ្ញលើកទី៦៖ គឺជារដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី ២៣ តុលាឆ្នាំ១៩៩១។ នៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៨ ខែឧសភាឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននាំគ្នាទៅបោះឆ្នោតទៅជ្រើសរើសសភាធម្មនុញ្ញចំនួន ១២០រូបតំណាង ឲ្យទូទាំងប្រទេសដោយតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលនាពេលនោះមានគណបក្សចំនួន ២០ ចូលរួមក្នុងការដណ្តើមសន្លឹកឆ្នោត។ ជាលទ្ធផល ចុងក្រោយគឺ គណបក្សហ្វ៊ុន ស៊ិនប៉ិច ទទួលបានចំនួន៥៨អាសនៈ គណបក្សប្រជាជនទទួលបានចំនួន ៥១អាសនៈ គណបក្សសេរីនិយមព្រះពុទ្ធសាសនាទទួលបាន ១០អាសនៈ និងគណបក្សមូលីណាការទទួលបាន០១ អាសនៈ៕

Advertisement
Advertisement