Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកស្អែកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា

នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវ៉ាក់សាំងទាំងនេះ ទុកសម្រាប់ចាក់ជូនកុមារអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញ ជូនមនុស្សពេញវ័យ។ នេះបើតាម​ការ​ឲ្យដឹងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ជាមួយគ្នានេះ លោកជំទាវ ក៏បានបញ្ជាក់ដែរថា នៅក្នុងខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ កម្ពុជាយើងក៏នឹង ទទួលបានវ៉ាក់សាំងជាជំនួយរបស់មិត្តចិន ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចំនួន ៣លានដូសបន្ថែមទៀត ផងដែរ។

គិតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦លាន ៨ សែនដូសហើយ។

សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧៨,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ៕

Advertisement
Advertisement