Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖ កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋនោះទេ

ថ្លែងប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពិធីទទួលការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីប្រទេសចិន លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ឬ ដូសជំរុញ ជូនប្រជាពលរដ្ឋនោះទេ ក្នុងខណៈដែលរាជរដ្ឋាភិបាលកម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង ដែលចាប់ផ្តើមដំណើរការនៅថ្ងៃទី១១ ខែតុលា២០២១ ខាងមុខ។

បើតាមលោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំង ទាំងជំនួយ និងការបញ្ជាទិញចំនួន ៣៥,៥លានដូសហើយ។ ដោយ​កាលពីសប្តាហ៍មុនកម្ពុជាទទួលបាន ៣ លានដូសបូកទាំង៣ លានដូសនេះទៀត កម្ពុជាមានវ៉ាក់សាំងសម្រាប់ចាក់ដូសជំរុញចំនួនជាង ៦ លានដូសនៅក្នុងដៃ។ លោកជំទាវអះអាងថា កម្ពុជាមិនខ្វះវ៉ាក់សាំងទេ ដោយយើងនឹងទទួលវ៉ាក់សាំងជាបន្តបន្ទាប់ទៀត ដែលក្នុងនោះមានជំនួយជាទ្វេភាគីរបស់ប្រទេសជាមិត្ត។

បើតាមរបាយការណ៍នៃកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើង រួមមាន អ្នកចាក់ដូសទី១ ចំនួន ៩ ៨៨៦ ៩១៥ នាក់ និង អ្នកចាក់ដូសទី២ ចំនួន ៩ ៣៣៤ ៨៨៦ នាក់ស្មើនឹង ៩៨,៨៧ភាគរយ នៃប្រជាជនគោលដៅសរុប១០លាននាក់។ អ្នកចាក់ដូសទី៣ ចំនួន ៨៧៥ ២៣៨ នាក់។ ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ១ ៧៥៤ ៦៣៣ នាក់ អ្នកចាក់ដូសទី២ ចំនួន ១ ៦០៤ ៣៥៣ នាក់ ស្មើនឹង ៨៩,២១ភាគរយ នៃក្រុមគោលដៅសរុបជិត០២លាននាក់។ ក្រុមកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ) អ្នកចាក់ដូសទី១ចំនួន ១ ៥៦៣ ៦៨៨ នាក់ ស្មើនឹង ៨២,៤១ភាគរយ នៃក្រុមគោលដៅ សរុបជិត ១លាន៩សែននាក់។ ប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨២,៥៣ភាគរយ៕

Advertisement
Advertisement