Connect with us

Hi, what are you looking for?

ក្នុងស្រុក

គ្រិះស្ថានមធ្យមសិក្សាសាធារណៈជាង៤០កន្លែងនៅខេត្ដសៀមរាប បើកបង្រៀនសាកល្បង

_

សៀមរាប – សាលាមធ្យមសិក្សារបស់រដ្ឋចំនួន ៤០កន្លែង នៅក្នុងស្រុកចំនួន៨ នៃខេត្ដសៀមរាប ត្រូវបានបើកឱ្យចូលរៀនឡើងវិញជាបណ្ដោះអាសន្ន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ក្រោយ​រដ្ឋបាលខេត្តមើលឃើញថា សាលាទាំងនោះមានហានីភ័យទាបក្នុងការឆ្លងជំងឺកូវីដ១៩។

_

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប មានប្រសាសន៍ថា សាលាមធ្យមសិក្សាដែលបើកបង្រៀនសាកល្បងនេះមានចំនួន ៤៤សាលា ក្នុងចំណោម ១២៣សាលា ស្ថិតនៅស្រុកចំនួន ៨ស្រុក ក្នុងចំណោម ១២ក្រុង ស្រុក របស់ខេត្ដសៀមរាប ហើយចូលរៀនមានថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាសិស្សត្រៀមប្រលងឌីប្លូម និងប្រលងបាក់ឌុប ប៉ុន្ដែបើសាលាណាមួយមានសិស្សតិចអាចចូលរៀនគ្រប់កំរិត គឺចាប់ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២តែម្ដង។

ជាមួយគ្នានោះ ការចូលរៀនមានពីរពេល គឺព្រឹកនិងថ្ងៃរសៀល និងរៀនជាបណ្ដុំដោយក្នុងមួយថ្នាក់មានសិស្សចូលរៀនពី១០នាក់ទៅ១៥នាក់ប៉ុណ្ណោះ ខណៈដែលសិស្សចូលថ្នាក់រៀនត្រូវបាន ធ្វើតេស្ដរកមេរោគកូវីដ១៩ ជាមុនផងដែរ ។

លោកបន្ដថា គ្រិះស្ថានសិក្សាទាំងនោះ ត្រូវបានគណៈកម្មការដាក់ពាក្យស្នើសុំ បន្ទាប់ពីពិនិត្យលទ្ធភាពរកឃើញថា សាលារៀនទាំង៨ស្រុកនោះ មានហានីភ័យទាបក្នុងការឆ្លងជំងឺកូវីដ១៩ ខណៈដែលមធ្យមសិក្សានៅក្នុងស្រុក និងក្រុងចំនួន ៤ទៀតនៃខេត្ដនេះ មិនទាន់មានគម្រោងបើកនៅឡើយទេ ដោយសារមានការប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ខ្ពស់នៅឡើយ។ 

_

លោក លី ប៊ុណ្ណា បានបន្ថែមថា ដោយឡែកសាលារៀនកំរិតបឋមសិក្សា ចំនួន១២៩ទៀត ក្នុងចំណោមជាង១៣០កន្លែង នឹងបើកដំណើរការនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២១ខាងមុខនេះ បន្ថែមទៀត ប៉ុន្ដែការបើកឱ្យចូលរៀនកំរិតបឋមនេះ ចាប់ពីថ្នាក់ទី៤ដល់ទី៦ ព្រោះងាយស្រួលគ្រប់គ្រង ។ ចំពោះថ្នាក់បន្ទាប់ទៀតនឹងពិនិត្យលទ្ធភាពតាមក្រោយ។ លោក បានបញ្ជាក់ទៀតថា ការបើកសាលារៀននេះ ទៅតាមគោលការស្ដង់ដារបស់ក្រសួងដោយក្នុងនោះ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយក៍ត្រូវបានគណៈកម្មការពិនិត្យទីតាំងមិនមានហានីភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ផងដែរ ។ សិស្សានុសិស្សមានការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ.១៩ គ្រប់គ្នា លើសពីនោះ ការចេញលេងត្រូវបានដាក់វេនគ្នា ដើម្បីងាយស្រួលគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ក្នុងពេលបើកបង្រៀនសាកល្បងនេះ៕

ដោយ៖ តាំង ហូ

Advertisement
Advertisement