Connect with us

Hi, what are you looking for?

ក្នុងស្រុក

បក្សីសមុទ្រ បុលវ័រ ដែលធ្លាប់ឃើញ​នៅលើផ្ទៃសមុទ្រ ត្រូវ​គេ​ប្រទះឃើញ​នៅជម្រកសត្វព្រៃលំផាត់

បក្សីសមុទ្រ បុលវ័រ (Bulwer’s Petrel) ដែលត្រូវប្រទះឃើញនៅរតនគិរី

អង្គការ BirdLife បានឱ្យដឹងនៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះថា បក្សីសមុទ្រ បុលវ័រ (Bulwer’s Petrel) គឺជាសត្វស្លាបសមុទ្រមួយប្រភេទ ដែលជាធម្មតាត្រូវបានគេប្រទះ​ឃើញ​នៅលើផ្ទៃសមុទ្របើកចំហ ឆ្ងាយពីតំបន់ដីគោក។ បក្សីមួយក្បាលនេះ​ត្រូវបានកត់ត្រា​ដោយ​ក្រុមការងាររបស់អង្គការ BirdLife នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កាល​ពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ ដែលមានចម្ងាយជាង២០០​គីឡូម៉ែត្រ​ពីឆ្នេរ​សមុទ្រ​ដែលនៅជិតបំផុត។

បក្សីសមុទ្រ បុលវ័រ (Bulwer’s Petrel) ដែលត្រូវប្រទះឃើញនៅរតនគិរី

បើតាមអង្គការ BirdLife កំណត់ត្រានេះ​អាចនឹងតំណាងឱ្យកំណត់ត្រាដំបូងបង្អស់​នៃ​ប្រភេទសត្វស្លាបនេះមានវត្តមាននៅកម្ពុជា ហើយអង្គការ BirdLife សង្ស័យថា​ព្យុះ​ទីហ្វុង“Kompasu” ដែលកំពុងធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសចិន​ចូលទៅក្នុង​តំបន់​ឥណ្ឌូចិនភាគខាងជើង បានបក់បោកនាំយកបក្សីមួយនេះពីដែនសមុទ្រឆ្ងាយមក​កាន់តំបន់​ដីគោក។ បក្សីសមុទ្រ បុលវ័រ គឺជាសត្វដែលគេកម្រប្រទះឃើញ​នៅក្នុងដែនទឹក​អាស៊ី​អាគ្នេយ៍ ហើយត្រូវបានគេកត់ត្រាទុកតែមួយចំនួនតូចប៉ុណ្ណោះនៅក្នុង​សមុទ្រជុំវិញអាស៊ី​អាគ្នេយ៍ដីគោក។ បក្សីសមុទ្រនេះត្រូវបានគេដឹងថា ជាប្រភេទដែលបន្តពូជនៅតំបន់ កោះ តូចៗនៅ សមុទ្រចិនខាងកើត និងប៉ាស៊ីហ្វិកខាងលិច រួមទាំងនៅទីតាំងមួយ​ចំនួននៅ​កោះរីយូឃ្យូ​ភាគខាងត្បូងប្រទេសជប៉ុន។

ជាមួយគ្នានេះដែរ អង្គការ BirdLife ក៏បានអរគុណលោក ផល្លី ណាក់ (កសិករ​នៅលំផាត់ដែល​បានជូនដំណឹងអំពីបក្សីនេះ​បានហើរចូលទៅបរិវេណគេហដ្ឋាន​របស់គាត់​និងបានដោះលែងទៅវិញ) និងអរគុណសហការីរបស់យើងដែលបានជួយក្នុងការកំណត់​អត្តសញ្ញាណ​ប្រភេទសត្វដែលមិនធ្លាប់បានស្គាល់អត្តសញ្ញាណនេះ៕

ប្រភព៖ BirdLife

Advertisement
Advertisement