Connect with us

Hi, what are you looking for?

ក្នុងស្រុក

បង្ក្រាបករណីជួញដូរគ្រឿងញៀននៅបន្ទាយមានជ័យ និង​សៀមរាប ចាប់ខ្លួន៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៥ គីឡូក្រាម

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កន្លងទៅ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ដោយ​ឃាត់​ខ្លួន​មនុស្សសរុបចំនួន៣នាក់ និង​រឹបអូសគ្រឿងញៀន​បានជាង​២៥គីឡក្រាម។

ការបង្រ្កាបបានធ្វើ​ឡើង ទី១ នៅចំណុចក្រោមដើមស្វាយ ប្រហែល ១០ម៉ែត្រ ពីផ្លូវជាតិលេខ៥៩(ចន្លោះគីឡូម៉ែតលេខ៩ និង១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ទី២ នៅចំណុចផ្ទះគ្មានលេខ បូរីអចលនទ្រព្យអង្គរ ភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប និងទី៣ នៅចំណុចឆែកលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ មាន ៖

១ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន)

២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ

៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (ប្រពន្ធ លាង ម៉ាប់)។

ចំណែកវត្ថុតាង រួមមាន ៖

– មេតំហ្វេតាមីន(ICE) ២៥កញ្ចប់ធំ-២កញ្ចប់តូច ស្មើទម្ងន់ ២៥ គ.ក្រ ០៣១.៧៨ក្រាម

– មេតំហ្វតាមីន(WY) ចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ ៧០.៦៥ក្រាម

– ជញ្ជីថ្លឹង ១គ្រឿង

– រថយន្ត ១គ្រឿង ម៉ាក LANDCRUISER 570 ពាក់ស្លាក់លេខ ភ្នំពេញ 2AX-7997

– ទូរស័ព្ទដៃ ចំនួន ៦គ្រឿង

– លុយខ្មែរ ៧,៩៥៥,០០០រៀល

– លុយថៃ ៤៦,៣៥០បាត

– លុយអាមេរិក ២៥,៨៨៥ដុល្លារ

– គ្រឿងអលង្ការ(កងដៃ១, ស្នៀតសក់១, បន្តោងខ្សែក ២, ខ្សែក ៣ខ្សែ)

– បង្កកផ្ទះ ២កន្លែង។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ តាំង ហូ

Advertisement
Advertisement