Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជីវករផ្សារតាកែវលើក​គ្នាសុំជួបចៅហ្វាយខេត្តតាកែវ រឿងសង់ផ្សារតាកែវថ្មី

តាកែវ – នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ អាជីវករ​ផ្សារ​តាកែវ​រាប់សិបនាក់​បាន​លើក​គ្នា​មក​កាន់សាលា​ខេត្ត ក្នុង​បំណង​ចង់​ជួប​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ដើម្បីឲ្យ​លោក​បកស្រាយ​ករណី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​សាងសង់​ផ្សារ​តាកែវថ្មី ខណៈ​ក្នុង​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​កាលពីលើកមុន លោក​ប្រាប់​ក្រុមអាជីវករ​ថា មិន​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណាមួយ​មក​សង់ផ្សារ​តាកែវ​ឡើងវិញ​នោះ​ឡើយ។

យ៉ាងណាក៏ដោយ លោក អ៊ូច ភា មិន​បាន​ចេញ​មក​ជួប​ក្រុម​អាជីវករ​ឡើយ ដោយ​ប្រាប់​ឲ្យ​ក្រុមអាជីវករ​ទាំងនោះ​ជ្រើស​រើស​តំណាង​មក​ជួប​លោក។

គួររំលឹកថា កាលពីពាក់កណ្តាលខែតុលា ឆ្នាំ​២០២១ ក្នុង​ជំនួប​តទល់ជាមួយ​ក្រុមអាជីវករ​ផ្សារ​តាកែវ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវបាន​ថ្លែងថា លោក​មិនដែលចេញលិខិតអនុញ្ញាត​ឲ្យ​មានការរុះរើ និង​សាងសង់ផ្សារតាកែវថ្មីនោះទេ ដូច្នេះធ្វើម្តេចលោក​អាចចេញលិខិតលុបចោល​ការ​សាងសង់នោះ ។ លោកថា ទាល់តែមានការសិក្សា និង​ស្រង់មតិយោបល់ពី​បងប្អូនអាជីវករជាមុនសិន ទើប​ការសាងសង់អាចធ្វើទៅបាន ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ សម្រាប់​តែ​បែកធ្លាយ​នូវ​ឯកសារជាលិខិត​របស់​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មួយ​ទៀត​ជា​លិខិត​អនុញ្ញាត​ឲ្យ​មានការ​សាងសង់បោះត្រាយល់ព្រមដោយ​លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបង្ហាញថា ផ្សារតាកែវ ដែលមានទីតាំងស្ថិត​នៅ​ភូមិ​ថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ត្រូវ​បានស្នើ​ធ្វើការវិនិយោគ ដោយ​មានឈ្មោះ ប្រាក់ ចាន់រដ្ឋា ជាម្ចាស់គម្រោង។

ដោយ​សារ​តែ​ឯកសារទាំងនេះហើយ ទើប​ក្រុមអាជីវករ​បាន​លើក​គ្នា​មក​មក​សុំ​ជួប​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ ដើម្បីធ្វើការ​បកស្រាយ និង​សុំ​អន្តរាគមន៍ ដោយថា ការ​សាងសង់ផ្សារថ្មីនេះ នឹងធ្វើ​ឲ្យ​ពួកគាត់​ជាក្រុមអាជីវករ​ជួប​បញ្ហា​លុយ​កាក់យ៉ាងធ្ងន់ធ្ងរ ដោយ​អ្នក​វិនិយោគថ្មី គេ​លក់តូប​របស់ពួកគាត់ម្តងទៀតក្នុង​តម្លៃថ្លៃ៕

Advertisement
Advertisement