Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ធនាគារពិភពលោកថា កម្ពុជាគួររៀនរស់ក្នុងគន្លងថ្មី-រស់ជាមួយកូវីដ១៩

ធនាគារពិភពលោកបានព្យាករណ៍ថា ប្រាក់ចំណូលប្រមាណជា ៧៣៨ ដុល្លារអាមេរិក នឹងត្រូវកាត់បន្ថយក្នុងតួលេខប្រាក់ចំណូលរំពឹងទុកប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់របស់ជនក្រីក្រ ចំពោះការខាតបង់ការរៀនសូត្រដោយសារតែការបិទសាលារៀនក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-19 ។

របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកក្រោមចំណងជើងថា “រស់ជាមួយកូវីដ-១៩” (Living with COVID-19) ដែលចេញផ្សាយ​កាលពីថ្ងៃទី៩ ធ្នូនេះ បានឱ្យដឹងថា ការបិទសាលារៀនបាននាំមកនូវការខាតបង់ធំធេងនៅទូទាំងប្រទេស។ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំបង្កើតជម្រើសកម្មវិធីច្រើនយ៉ាងសម្រាប់ការរៀនពីចម្ងាយក៏ពិតមែន ប៉ុន្តែសិស្សមួយចំនួននៅតែមិនអាចប្រើប្រាស់វាបាន ឬ មិនបានប្រើប្រាស់វាសោះតែម្តង។ សិស្សណាដែលរៀនមិនបានជាប់លាប់ ឬដែលបោះបង់ចោលការសិក្សា នឹងមានលទ្ធភាពអាចរកបានចំណូលតិចតួចក្នុងមួយជីវិតរបស់ខ្លួន ខុសពីអ្នកដែលបានរៀនសូត្រគ្រប់គ្រាន់។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ដូច្នេះថា “យើងទាំងអស់គ្នាបានដឹងហើយថា ពេលនេះកម្ពុជាកំពុងតែរស់នៅជាមួយជំងឺកូវីដ-១៩, ប្រជាជនចំនួនច្រើនលើសលប់បានចាក់វ៉ាក់សាំងការពាររួច ហើយរដ្ឋាភិបាលក៏បានចាប់ផ្តើមបើកប្រទេសឱ្យដំណើរការឡើងវិញសឹងតែគ្រប់ផ្នែកហើយដែរ ដោយបន្តអនុវត្តវិធានការការពារសុខភាពដែលមានជាធរមានស្រាប់”។

គួរបញ្ជាក់ដែរថា យោងទៅតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន  និងកីឡា ស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ទាំងសាធារណ: និងឯកជន ចាប់តាំងពីដើមខែតុលា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជន នៅតំបន់ដែលមានហានិភ័យទាបទូទាំងប្រទេស ដំណើរការឡើងវិញជាបន្តបន្ទាប់ ដោយបន្តអនុវត្តតាមវិធាននៃការសុខាភិបាល និងគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ (SOP)ផងដែរ ។

របាយការណ៍របស់ធនាគារពិភពលោកក៏បាន ផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវវិនិយោគបន្ថែមលើធនធានមនុស្ស អមដោយការចាត់វិធានការឱ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ការឈប់រៀន, ធ្វើការវាយតម្លៃការរៀនសូត្ររបស់សិស្ស និងអនុវត្តបច្ចេកទេសសម្រាប់ស្តារការរៀនឡើងវិញ និងត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះមានការដាក់ចេញនូវវិធាននិងបទប្បញ្ញត្តិច្បាស់លាស់ស្តីពីការរៀនរស់ជាមួយកូវីដ-១៩ស្របតាម “គន្លងប្រក្រតីភាពថ្មី”ជាដើម។

ដោយ ទុយ ច័ន្ទណារេន និងក្រុម២

Advertisement
Advertisement