Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សេដ្ឋកិច្ចកម្ពុជា ត្រូវរំពឹងថា នឹងមានកំណើន ៤,៥% ក្នុងឆ្នាំ២០២២

ទោះបីជាបច្ចុប្បន្នភាពចុងក្រោយនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាដែលធនាគារពិភពលោកបានធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានបង្ហាញថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើនត្រឹមតែ ២,២ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ជំនួសឱ្យការរំពឹងទុកចំនួន ៤% ។ កំណើនយឺតនេះផងដែរ ដោយសារវិស័យទេសចរណ៍ វិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនយឺត។

ថ្វីដ្បិតតែការផលិតសម្រាប់ការនាំចេញបានរើបឡើងវិញ ហើយការនាំចេញផលិតផលកសិកម្មមានការកើនឡើងពិតមែនក៏ដោយ ក៏ឱនភាពផ្នែកពាណិជ្ជកម្មបានរីកទំហំកាន់តែធំគួរឱ្យកត់សម្គាល់ ។ ទន្ទឹមគ្នានេះ វិស័យជាប្រពៃណីក្នុងការជំរុញកំណើន ជាពិសេសឧស្សាហកម្មកាត់ដេរ, ទំនិញធ្វើដំណើរ និងស្បែកជើង និងឧស្សាហកម្មផលិតកង់ រួមទាំងវិស័យកសិកម្មផង នៅតែបន្តដើរតួរក្នុងការទ្រទ្រង់ដល់ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។

របាយការណ៍នេះមានជំពូកពិសេសមួយពិនិត្យទៅលើផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការរៀនសូត្រ និងការរកចំណូល។ ការខាតបង់ការរៀនសូត្រដោយសារតែការបិទសាលារៀនក្នុងអំឡុងពេលមានការរាតត្បាតជំងឺនេះ នឹងបង្កឱ្យមាននូវវិបាកធំធេងផ្នែកសេដ្ឋកិច្ច ដោយវានឹងកាត់បន្ថយប្រាក់ចំណូលរំពឹងទុកប្រចាំឆ្នាំរបស់ក្រុមជនក្រីក្រអស់ចំនួនប្រមាណជា ៧៣៨ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ ។

របាយការណ៍នេះបានបញ្ជាក់ថា ដំណើរងើបឡើងវិញកំណើនសេដ្ឋកិច្ច ៤,៥% នេះនឹងជួបហានិភ័យប្រសិនបើមានការសាយភាយនៃវីរុសនេះជាថ្មីម្តងទៀត ។

របាយការណ៍នេះ បានផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវវិនិយោគបន្ថែមលើធនធានមនុស្ស អមដោយការចាត់វិធានការឱ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ការឈប់រៀន, ធ្វើការវាយតម្លៃការរៀនសូត្ររបស់សិស្ស និងអនុវត្តបច្ចេកទេសសម្រាប់ស្តារការរៀនឡើងវិញ និងត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះមានការដាក់ចេញនូវវិធាននិងបទប្បញ្ញត្តិច្បាស់លាស់ស្តីពីការរៀនរស់ជាមួយកូវីដ-១៩ស្របតាម “គន្លងប្រក្រតីភាពថ្មី”ជាដើម ។

ដោយ៖ ទុយ ចន្ទ័ណារេន

Advertisement
Advertisement