Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កំពង់ផែកែប-កោះទន្សាយ សង់រួចរាល់ហើយ អាចទទួលនាវាទេសចរណ៍​ធំបាន៣គ្រឿង

កែប – កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដែលស្ថិត​នៅ​ក្រុងកែប បានដាក់សម្ពោធជាផ្លូវការហើយ​កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២២ ដោយ​កំពង់ផែថ្មីនេះ អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង និងទូកទេសចរណ៍តូចៗមួយចំនួន។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា កំពង់ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤៨៨០លានរៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។

ក្នុងឱកាសនោះផងដែរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា នៅពេលខាងមុខ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិ លេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ មានសកម្មភាពកាន់តែមានភាពមមារញឹក។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុននានានៅក្នុងខេត្តកែប ក៏ដូចជាជនរួមជាតិទាំងអស់ជួយថែរក្សា អភិវឌ្ឍ និងមកធ្វើទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិខេត្តកែប និងបន្ដចូលរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើថែមទៀត ដើម្បីលើកកម្ពស់ការចូលរួមចំណែកក្នុងការថែរក្សាសុវត្ថិភាព ការថែទាំ និងការអភិវឌ្ឍផ្លូវ-ស្ពាន ឆ្នេរ និងកំពង់ផែទេសចរណ៍របស់យើង ជាពិសេសផ្លូវចូល និងសំណង់កំពង់ផែនេះ ដើម្បីប្រើប្រាស់ឱ្យមាននិរន្ដរភាព និងយូរអង្វែង៕

Advertisement
Advertisement