Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ចូលឆ្នាំចិន៣ថ្ងៃ រតនគិរីទទួលបានភ្ញៀវទេសចរមកលេងជាង១ម៉ឺននាក់

រតនគិរី – ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ (៣១ មករា ១-២កុម្ភៈ ឆ្នាំ២០២២) ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន១២,៤៥១នាក់។ ចំនួននេះគឺមានការកើនឡើង១៧.១៦% បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២១ កន្លងមកដែលមានចំនួន១០,៦២៨នាក់។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី​បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរ ដែលមានការហក់ឡើងគួរឲ្យកត់សម្គាល់ បើទោះបីចំនួនហក់ឡើងមិនច្រើនតាមការរំពឹងទុក តែនេះគឺជាសញ្ញាល្អបង្ហាញថាខេត្តរតនគិរី ចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកម្សាន្តវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩ រយៈពេលជិត២ឆ្នាំ។

ប់ើតាមលោកប្រធានមន្ទីរទេសចរណ៍ បច្ចុប្បន្ន​ខេត្តរតនគិរីមានរមណីយដ្ឋាន ទេសចរណ៍រហូតដល់៣០កន្លែង សុទ្ធសឹងជារមណីយដ្ឋាន ធម្មជាតិ។ ហើយនៅថ្ងៃខាងមុខជាពិសេសបុណ្យចូលឆ្នាំខ្មែរ នឹងបង្វែទិសដៅភ្ញៀវទេសចរ ឲ្យទៅលេងតំបន់វាលខ្សាច់ និងទឹកជួរនៅស្រុកតាវែង និងស្រុកវើនសៃ។

ចំណែកឯលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បញ្ជាក់ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ទូទាំងខេត្តគ្មានបញ្ហាអ្វីកើតឡើងនោះទេ គឺកម្លាំងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពួកគាត់មកកម្សាន្តប្រកបដោយសេចក្តីសប្បាយរីករាយ៕

Advertisement
Advertisement