Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ស ខេង ៖ បច្ចុប្បន្នពន្ធនាគារជួបបញ្ហាណែនចង្អៀត ដោយសារជាង៥០ភាគរយនៃអ្នកជាប់ឃុំ ជាអ្នកដែលពាក់ព័ន្ធគ្រឿងញៀន

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្តែងក្តីព្រួយបារម្ភពីបញ្ហាសុខភាពសាធារណៈពាក់ព័ន្ធនឹងគ្រឿងញៀន ដែលផ្តល់ការលំបាកកាន់តែខ្លាំង។ ក្នុងនោះ​បើតាម​ការ​បញ្ជាក់របស់សម្តេចក្រឡាហោម ក្នុងចំណោមអ្នកជាប់ពន្ធនាគារប្រមាណ៣ម៉ឺន៨ពាន់នាក់ មានជាង២ម៉ឺននាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

សម្តេចក្រឡាហោម បានមានប្រសាសន៍ថា បច្ចុប្បន្នពន្ធនាគារជួបបញ្ហាណែនចង្អៀត ដោយសារតែ ៥៤,៥២ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំ ជាអ្នកដែលពាក់ព័ន្ធគ្រឿងញៀន។

ក្នុងឱកាសអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី៩ ខែកុម្ភៈ សម្តេច ស ខេង បានបន្តថា អ្នកបើកបររថយន្តធុនធំមួយចំនួននៅតាមក្រុមហ៊ុន បានប្រើប្រាស់នូវសាធាតុញៀន ដូច្នេះសម្តេចស្នើ​ដល់លោកនាយឧត្តមសេនី៍យ៍ អគ្គស្នងការនគរបាលជាតិ ធ្វើការត្រួតពិនិត្យ ហើយ​ទន្ទឹមនឹងនេះ ក្រុមហ៊ុនដឹកជញ្ជូនឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសនោះគឺអគ្គស្នងការដ្ឋានគបាលជាតិដើម្បីធ្វើការពិនិត្យអ្នកបើកបរទាំងអស់នោះផង។

គួរ​បញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួន៦៣០៨ករណី ។ ក្នុងចំណោមករណីបង្ក្រាបបាននោះ សមត្ថកិច្ច​បានឃាត់ខ្លួនជនសង្ស័យសរុប ១៣៩៧៩នាក់ មានជនបរទេសចំនួន៣៦៥នាក់៕

Advertisement
Advertisement