Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរចុះដកហូតបង្គោលថ្ម​ដែល​បោះលើ​ដីសាធារណៈ​របស់រដ្ឋ​ហើយ នៅឡើយ​​តែ​អ្នក​​ព័ទ្ធយក​ អាជ្ញាធរ​មិន​ទាន់​មាន​វិធានការផ្លូវច្បាប់

តាកែវ – បង្គោលថ្មដែលបានដាំវាទីយកដីលិចទឹករបស់រដ្ឋ នៅ​ចំណុចដៃអូរស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ប្រមាណជាង​២០ហិកតា ត្រូវ​បានក្រុមអាជ្ញាធរ​ចុះធ្វើការ​ដកចេញហើយ ក្រោយ​ពីមានបញ្ជា​របស់​លោក ភួន ឈីម អភិបាលស្រុកបាទី ប៉ុន្តែម្ចាស់បង្គោលថ្ម ដែល​គេ​ដឹងថា​ជាអ្នកមានលុយចំនួន២នាក់រស់នៅរាជធានីភ្នំពេញ គេមិនទាន់ដឹងថា តើ​អាជ្ញាធរ​នឹង​ចាត់វិធានការ​យ៉ាងណានោះទេ។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២២ ក្រោយ​ពីទទួលដំណឹង​ថា មានការ​បោះបង្គោល​ព័ទ្ធ​រំលោភ​យក​ដីរំដោះទឹករបស់រដ្ឋ​នៅ​ចំណុច​ភូមិរំចេក ឃុំត្នោត ស្រុកបាទី លោក ភួន ឈីម អភិបាលស្រុកបាទី បានធ្វើការ​ជូនដំណឹង​ទៅ​ដល់អ្នករំលោភបំពានទាំងនោះ ដោយទុករយៈពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់បង្គោលថ្មដែលបានដាំមកដកចេញដោយខ្លួនឯង ប៉ុន្តែ​រហូត​មក​ដល់ថ្ងៃម្សិលមិញ មិន​មានម្ចាស់ដីណាចេញមុខមកដក ទើបរដ្ឋបាលឃុំត្នោត បានដឹកនាំកម្លាំងដោយមានលោកមេភូមិ និងប្រជាការពារភូមិរំចេក ចុះដកបង្គោលថ្មដោយ​ខ្លួនឯង។

បើតាម​ការ​បញ្ជាក់របស់លោកអភិបាលស្រុកនៅព្រឹកមិញថា បង្គោលថ្មចំនួន២៩ដើមត្រូវបានដកយកមករក្សាទុកនៅសាលាឃុំត្នោត រីឯបង្គោលថ្មជាច្រើនដើមទៀត រដ្ឋបាលឃុំនឹងដឹកនាំកម្លាំងចុះដកបន្តនៅរដូវទឹកស្រក។

យ៉ាងណាក៨ដោយ សម្រាប់អ្នកទិញនិងអ្នកលក់ដីសាធារណៈរបស់រដ្ឋវិញ លោកអភិបាលស្រុកមិនបានបញ្ជាក់ថា តើលោកនិងចាត់ការតាមផ្លូវច្បាប់ដែរឬយ៉ាងណាទេ?

បើយោងតាមមាត្រា២៥៥ ជនណាលួចលក់ ឬបញ្ចាំ ទ្រព្យដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់៣ឆ្នាំ ដោយមិនគិតដល់ព្យុសនកម្ម ដែលបណ្ដាលមកពីអំពើរបស់ខ្លួន។

បើតាម​ការ​បញ្ជាក់របស់ប្រជាពលរដ្ឋថា ដីលិចទឹករបស់រដ្ឋនៅចំណុចដៃអូរស្ថិតនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ទំហំប្រមាណជាង២០ហិចតា ត្រូវបានអ្នកស្រី ភឿង សុខហួង និងប្អូនស្រីឈ្មោះ ភឿង សុខម៉េង ដើរបញ្ចុះបញ្ចូលទិញពីប្រជាពលរដ្ឋ ហើយ​ដោយសារពលរដ្ឋមានការខ្វះខាតក្នុងគ្រួសារផង ពួកគេក៏ចាប់ផ្តើមលក់ដីលិចទឹករបស់រដ្ឋជាបន្តបន្ទាប់រហូតមានការបោះបង្គោលវាទីយកដូចសព្វថ្ងៃនេះទៅ៕

Advertisement
Advertisement