Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចៅហ្វាយស្រុកបាទីមិនចាត់វិធានការករណីដាំបង្គោលថ្មទន្ទ្រានយកដីលិចទឹករបស់រដ្ឋនៅឃុំត្នោតនោះទេ

តាកែវ – ករណី​បោះ​បង្គោល​ថ្មវាទីយកដីលិចទឹករបស់រដ្ឋ​នៅ​ចំណុច​ភូមិ​រំចេក ឃុំត្នោត ស្រុកបាទី ដែលធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោកាលពីចុងខែមករា គិត​មក​ទល់ពេលនេះ ចៅហ្វាយស្រុកបាទី​ គឺលោក ភួន ឈីម មិន​បានចាត់វិធានការ​ណាមួយ​ចំពោះ​អ្នក​រំលោភ​យក​នោះ​ឡើយ ដោយ​បាន​ត្រឹម​ឲ្យ​អាជ្ញាធរ​ឃុំ​ចុះ​ទៅ​ដក​យក​បង្គោល​ថ្ម​នោះ​ចេញ​តែ​ប៉ុណ្ណោះ។

ការ​ចុះដកបង្គោលថ្មចេញពីដីលិចទឹករបស់រដ្ឋនោះ បានធ្វើ​ឡើង​កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដឹកនាំ​ដោយ​លោក អ៊ុក សំបូរ មេឃុំ​ត្នោត ក្រោមការបញ្ជាពីលោកអភិបាលស្រុកបាទី ប៉ុន្តែ​គេ​ដឹងថា នេះ​គ្រាន់តែជាការសម្តែងឲ្យមហាជនល្អមើល និងឡើងរបាយការណ៍ជាវិជ្ជមានទៅថ្នាក់លើប៉ុណ្ណោះ ខណៈទីតាំងដីលិចទឹករបស់រដ្ឋនៅចំណុចខាងលើនេះ គឺនៅតែមានការទន្ទ្រានដដែល។

មហាជនបានសម្តែង​ចម្ងល់ថា តើនេះជាកំហុសរបស់មេឃុំត្នោតមិនបានអនុវត្តតាមបញ្ជា​របស់​លោកចៅហ្វាយស្រុកបាទី ឬ ជាចេតនារបស់ លោក ភួន ឈីម អភិបាលស្រុកបាទី ក្នុងការលាក់បាំង ការមិនអនុវត្តតាមវិធានការច្បាប់ទៅលើជនខិលខូច ?

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់​នៅ​មូលដ្ឋាន​សំណូមពរដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ សូម​មេត្តាពិនិត្យមើលករណីនេះផង ដើម្បីរក្សាដីលិចទឹករបស់រដ្ឋនេះទុកជាប្រយោជន៍រួម។

សូម​បញ្ជាក់ដែរថា ការ​ចុះដកបង្គោល​ថ្ម​របស់អាជ្ញាធរ​ឃុំ​ត្នោត​កាលពីថ្ងៃទី១០ ខែកុម្ភៈ នោះ គឺមានទាំងលោកមេភូមិ និងប្រជាការពារភូមិរំចេក បានចុះដកបង្គោលថ្មដែលឈ្មួញបានដាំក្នុងដៃអូរជាដីសាធារណ:រដ្ឋ បានចំនួន២៩ដើម យកមករក្សាទុកនៅសាលាឃុំត្នោត ដោយឡែកបង្គោលថ្មជាច្រើនដើមទៀតមិនត្រូវបានដកនោះទេ ក្រោមហេតុផលទុកដកនៅពេលទឹកស្រក ទាំងដែលបង្គោលថ្មទាំងនោះ មិនស្ថិតនៅក្នុងទឹកផង៕

Advertisement
Advertisement