Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាបញ្ជាក់ជាថ្មី​ ពីការ​​មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន

ទិដ្ឋភាពមូលដ្ឋានទ័ពសមុទ្ររាម

ភ្នំពេញ – ជាថ្មីម្តងទៀត នៅ​ក្នុង​កិច្ច​ប្រជុំ​តុមូល ស្តីពី «​សន្ដិសុខ និង​ការ​ការពារជាតិ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» ដែលធ្វើ​ឡើង​កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២២ នា​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ប្រទេស​​កម្ពុជា​ប្រកាន់​នូវ​នយោបាយ​អ​ព្យា​ក្រិ​ត្យ​អចិន្ដ្រៃយ៍​ ហើយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន​នោះទេ។

លោក ប្រាក់ សុខុន ថ្លែង​ក្នុងកិច្ចប្រជុំតុមូលនៅប្រទេសបារាំង

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​នៅ​ថ្ងៃទី​២៣ ​ខែកុម្ភៈ​ ឆ្នាំ​២០២២​ ​បាន​បញ្ជាក់​ថា ​ក្នុង​បទ​អន្តរាគមន៍ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បាន​លើក​ឡើងថា​ ​សមុទ្រ​ចិន​ខាងត្បូង គឺ​ពិតជា​តំបន់​មួយ​ដែលមាន​សារៈសំខាន់ និង​ផលប្រយោជន៍​​លាយឡំ​គ្នា​​ប្រកបដោយ​គ្រោះថ្នាក់​។ លោកថា ​ប្រទេស​ដែល​គួរ​ជា​អ្នកពាក់ព័ន្ធ​ គឺ​ប្រទេស​ដែល​កំពុងមាន​ជម្លោះ​ដណ្ដើម​នូវ​អធិបតេយ្យភាព​នៅ​ផ្នែក​ណា​នោះ​នៃ​តំបន់​សមុទ្រ​នេះ​ទោះបី​ទឡ្ហីករណ៍​ខាង​ផ្នែក​ច្បាប់​ និង​ប្រវត្តិសាស្ដ្រ​ដែល​គេ​លើកឡើង​ដើម្បី​ធ្វើជា​អំណះអំណាង​នៃ​ការទាមទារ​របស់គេ​នោះ​យ៉ាងណាក៏ដោយ​។​

​ប៉ុន្តែ​ប្រទេស​តូច​ដូច​កម្ពុជា ក៏ត្រូវ​ទទួលរង​គ្រោះ​ផងដែរ ដោយសារតែ​អ្វី​ទាំងអស់​ដែល​ប្រទេស​ចិន​ធ្វើ​នៅក្នុង​តំបន់​នេះ ត្រូវបាន​សហរដ្ឋអាមេរិក​តាមដាន និង​វិភាគ​យ៉ាង​ល្អិតល្អន់​នោះ សូម្បីតែ​កិច្ចសន្យា​រវាង​កម្ពុជា និង​ចិន​នៅក្នុង​ការស្ដារ ជួសជុលនិង​ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​ ក៏បាន​ក្លាយជា​ចំណុចកណ្ដាល​នៃ​ការចោទប្រកាន់នៃ​ការដាក់​សម្ពាធ​រហូតដល់​ការ​គម្រាមកំហែង​ផងដែរ​។ ​ក្នុងខណៈដែល​ការងារ​ជួសជុល​មូលដ្ឋាន​នេះ​កំពុងដំណើរការ​នៅឡើយ គេ​បាន​ចោទប្រកាន់​យើង​រួចទៅហើយ​ថា បានផ្តល់​ឱ្យ​ប្រទេស​ចិន​នូវ​តំបន់​ផ្ដាច់មុខ​នៅក្នុង​មូលដ្ឋាន​នេះ​។​

ទិដ្ឋភាពមូលដ្ឋានទ័ពសមុទ្ររាម

លោក ប្រាក់ សុខុន ​បញ្ជាក់ថា មូលដ្ឋាន​នេះគ្មាន​គោលដៅ​ណា​ផ្សេង​ក្រៅពី​ការការពារ​ដែនសមុទ្រ​ និង​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី​របស់កម្ពុជា ដែលជា​ញឹកញាប់ ត្រូវបាន​គេ​រំលោភបំពាន​។ ​ក្នុងឋានៈ​ជា​ប្រទេស អធិបតេយ្យ​ កម្ពុ​ជាមាន​សិទ្ធ​គ្រប់យ៉ាង​ទាំងអស់​នៅក្នុង​ការជ្រើសរើស​មធ្យោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​ដើម្បី​ការពារ​ប្រជាជាតិ​របស់​យើង​។​ ប៉ុន្តែ​យើង​នឹងធ្វើ​ការជ្រើសរើស​មធ្យោបាយ​នោះ​ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​រដ្ឋធម្មនុញ្ញ​របស់​យើង​៕

Advertisement
Advertisement