Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឲ្យ​រៀបចំ​សេចក្តីព្រាងច្បាប់ គ្រប់គ្រងការ​ស្នាក់​នៅ​ក្នុងបុរី ខុនដូ និង​អាផាតមិន

សម្តេងក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ភ្នំពេញ – ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែកុម្ភៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា កន្លងមកឧក្រិដ្ឋជនគ្រឿងញៀនបានប្រើប្រាស់បុរី អគារខុនដូ និងអាផាតមិនមួយចំនួនដើម្បីលួចស្តុកទុកនូវគ្រឿងញៀនខុសច្បាប់។ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្តេច ស ខេង បានជំរុញឲ្យរៀបចំសេចក្តីព្រាងច្បាប់ស្តីពី«ការគ្រប់គ្រងការស្នាក់នៅក្នុងបុរី អគារខុនដូ និងអាផាតមិន»។

សម្តេងក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការចរាចរគ្រឿងញៀននៅក្នុងសង្គមកម្ពុជា និងពិភពលោក គឺនៅតែជាក្តីកង្វល់ដ៏ធំមួយ ដែលជះឥទ្ធិពលដល់សង្គមជាតិ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងកិច្ចសហការពីគ្រប់ភាគី និងស្ថាប័នពាក់ព័ន្ធ។

ជាមួយ​គ្នា​នេះ សម្តេចក្រឡាហោម ក៏​បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹង និងចាត់វិធានការឲ្យទាន់ពេលវេលាលើករណីការជួញដូរ និងការនាំចូលសារធាតុគីមីនៅតាមព្រំដែន។

បើយោង​តាម​របាយការណ៍​ ក្នុងឆ្នាំ២០២១កន្លងមក សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសសរុបចំនួន៦២៤២ករណី ឃាត់ខ្លួនមនុស្សចម្រុះជាតិសាសន៍ចំនួន១៣៧៦៥នាក់ (ក្នុងនោះស្រី៨០២នាក់) ជនបរទេសចម្រុះសាសន៍មានចំនួន ៣៦២នាក់ (ស្រី៤៥នាក់ មាន១៣សញ្ជាតិ)។​ ជាមួយគ្នានេះសមត្ថកិច្ចក៏បានរឹបអូសគ្រឿងញៀនចំនួនជាង៤៤៣៥គីឡូក្រាម កញ្ឆា ៥២២១៤ដើម និងកញ្ឆាស្ងួតជាង១៤១គីឡូក្រាម៕​

Advertisement
Advertisement