Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ម៉ាឡេស៊ីឈរចំណាត់ថ្នាក់ទី១ ក្នុង​ចំណោមប្រទេសអាស៊ាន ជាប្រទេសនាំចូលអង្ករកម្ពុជា

ប្រទេស​ម៉ាទ្បេស៊ីត្រូវ​បានកត់សម្គាល់ថា ជា​ប្រទេស​ដែល​ឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១កន្លងទៅនេះ ម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dato’ Seri Mohamed Azmin Ali រដ្ឋមន្រ្ដីពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសនៃការប្រារព្វរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ាទ្បេស៊ីក្នុងឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានលើកទឹកចិត្តឱ្យភាគីម៉ាទ្បេស៊ី បន្តជំរុញនិងបង្កើនវិនិយោគិនម៉ាឡេស៊ីមកកម្ពុជាបន្ថែមទៀត ព្រមទាំងបង្កើនការនាំចូលកសិផលសក្តានុពលពីកម្ពុជា ជាពិសេស អង្ករកម្ពុជា ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មម្ហូបអាហារហាឡាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្ដី Dato’ Seri Mohamed Azmin Ali បានចូលរួមអបអរសាទរនូវការរម្លឹកខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ឯកឧត្តមបន្តថា កម្ពុជានៅតែជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ និងជាទីតាំងយុទ្ធសាស្រ្តសម្រាប់ម៉ាទ្បេស៊ី ក្នុងខ្សែច្រវាក់ផ្តត់ផ្គង់តំបន់ ហើយនឹងបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបតិ្តការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ម៉ាឡេស៊ី ក៏បានយកចិត្តទុកដាក់លើសំណើរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈយោគយល់គ្នារលើការជំរុញនិងបង្កើនការនាំចូលអង្ករកម្ពុជា និងផលិតផលកសិកម្មសំខាន់ៗផ្សេងទៀត៕

Advertisement
Advertisement