Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីក្មេងទំនើងវាយគ្នា​នៅវិទ្យាល័យហេងសំរិនព្រៃល្វា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុង​ចំណោម​៩នាក់

តាកែវ – ករណីក្រុមក្មេងទំនើងមួយ​ក្រុម​ដែល​បានចូលទៅ​កាប់សិស្សសាលាវិទ្យាល័យហេងសំរិនព្រៃល្វាម្នាក់​ ប៉ុន្តែជនរងគ្រោះរត់រួច ហើយ​ក្រុមក្មេងទំនើងបានទៅវាយម៉ូតូជនរងគ្រោះបណ្តាលឱ្យ​ខូចខាតយ៉ាងដំណំនោះ ឥឡូវនេះសមត្ថកិច្ចបានស្រាវជ្រាវចាប់បានជនសង្ស័យចំនួន៥នាក់ ក្នុង​ចំណោម​៩នាក់។

បើតាម​របាយការណ៍​របស់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើង​កាលពី​វេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​ក្រុមជនសង្ស័យ​បានជិះ​ម៉ូតូចំនួន៤គ្រឿង​ប្រដាប់ដោយ​កាំបិត និងដាវ ហើយ​ពេលមក​ដល់​បរិវេណវិទ្យាល័យ​ហេងសំរិនព្រៃល្វា ក៏​បានធ្វើសកម្មភាព​ដេញកាប់​ទៅលើជនរងគ្រោះ​ឈ្មោះ សុខ សៀវតុង ភេទប្រុស អាយុ​១៧ឆ្នាំ ខណៈជនរងគ្រោះកំពុងនិយាយគ្នាលេងជាមួយ​មិត្តភក្តិ តែជនរងគ្រោះមើលឃើញទាន់ ក៏​បានរត់គេចខ្លួនចោលម៉ូតូ បន្ទាប់មក​ក្រុមជនសង្ស័យ​ក៏​បានកាប់​ទៅលើ​ម៉ូតូរបស់ជនរងគ្រោះ​បណ្តាល​ឱ្យ​ខូច​ខាត​បែក​ចង្កៀងមុខ បែកស្តុបក្រោយ ដាច់កន្ទុយ​ក្រោយ និងកាច់ផ្លាកលេខម៉ូតូ ហើយ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួនបាត់។

មូលហេតុដែលនាំឱ្យ​មានការដេញកាប់ប្រហារនេះកើតឡើង សមត្ថកិច្ចបានបញ្ជាក់ថា គឺ​ដោយ​សារ​ក្រុមជនសង្ស័យ​ធ្លាប់​មានគំនុំ​ជាមួយ​នឹងក្រុមក្មេងស្ទាវ​នៅ​ព្រៃល្វា។

យ៉ាងណាក៏ដោយ ក្រោយពីមានបញ្ជាពីស្នងការនគរបាលខេត្តតាកែវ និង​មានការ​សម្របសម្រួលពីព្រះរាជអាជ្ញាអសមសាលាដំបូងខេត្តតាកែវ កម្លាំងនគរបាលស្រុកព្រៃកប្បាស សហការជាមួយនគរបាលស្រុកកោះធំ បានស្រាវជ្រាវ និង​ឃាត់ខ្លួនជនសង្ស័យ​បានចំនួន៥នាក់ជាបន្តបន្ទាប់ ខណៈ ៤នាក់ទៀតរត់គេចខ្លួន។

ជនសង្ស័យទាំង៥នាក់នោះ ត្រូវបានបញ្ជាក់ថា ទី១.ឈ្មោះ រត់ គីមហុង អាយុ១៩ឆ្នាំ, ២.ឈ្មោះ លាងហុង សុងឈួន អាយុ១៦ឆ្នាំ, ៣.ឈ្មោះ គឿន សីហា អាយុ១៦ឆ្នាំ, ៤.ឈ្មោះ ឆៃ លីសែ អាយុ​១៥ឆ្នាំ និង ៥ឈ្មោះ ម៉ុល វ៉េងឡុង អាយុ១៥ឆ្នាំ។

ក្នុងនោះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន កាំបិតផ្គាក់ដងឈើមួយ, ម៉ូតូ១គ្រឿង យក​មក​កាន់​អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ដើម្បីសាកសួរ និង​កសាង​សំណុំ​រឿង​តាមនីតិវិធី ហើយ​ចំណែកជនសង្ស័យ​ចំនួន៤នាក់​ដែល​រត់គេចខ្លួន កម្លាំង​សមត្ថកិច្ច​កំពុងសហការបន្ត​ស្រាវជ្រាវ​ដើម្បីយ​មក​ចាត់ការ​តាមផ្លូវ​ច្បាប់៕

Advertisement
Advertisement