Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

សម្តេចតេជោ ផ្ញើសារអបអរទិវាវប្បធម៌ជាតិលើកទី២៤

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២២នេះ គឺជាទិវាវប្បធម៌ជាតិលើកទី២៤ ដែលឆ្នាំនេះ ត្រូវ​បានប្រារព្ធឡើងក្រោម​ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។

សម្រាប់ទិវាវប្បធម៌ជាតិឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើក​ឡើងថា ទោះជា​ឆ្នាំ​២០២២នេះ ទិវាវប្បធម៌ជាតិ ត្រូវបន្ត​រៀបចំ​ទៅតាម​គន្លងប្រក្រតីភាពបែបថ្មីក៏ដោយ ប៉ុន្តែនេះ​គឺជា​ស្មារតីយកចិត្តទុកដាក់ខ្ពស់​របស់រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ចំពោះវប្បធម៌ជាតិ និង​ចំពោះ​សុខភាព​សាធារណៈ ពិសេស​ក្នុង​កាលៈទេសៈ​ដែលវីរុស​កូវីដ១៩​បំប្លែងថ្មីអូមីក្រុង បាននិងកំពុង​រីករាលដាល​ឆ្លង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​សហគមន៍​របស់យើង។

ទោះបីជារងផលប៉ះពាល់​ពីវិបត្តិនៃជំងឺកូវីដ១៩​យ៉ាងណាក្តី សម្តេចតេជោបានបញ្ជាក់ថា សិល្បៈវប្បធម៌​កម្ពុជា​នៅ​តែមាន​ភាពធន់ ប្រៀបបានទៅនឹង​កងទ័ពជួរក្រោយ ដែលតែងតែ​បង្ហាញសកម្មភាព​ជាប្រចាំ​ក្នុង​ការ​ជួយ​ជំរុញ​លើកទឹកចិត្តដល់​កង​ទ័ពជួរមុខ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​តតាំងជាមួយ​មេរោគដ៏​កាចសាហាវ​មួយ​នេះ។

ក្នុងនោះ​​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើក​ឡើងថា ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ ឧស្សាហកម្ម​ចម្រៀង និង​ភាពយន្តខ្មែរ ពិសេស​ភាព​យន្ត​សម្រាប់​ចាក់​បញ្ចាំង​តាមកញ្ចក់ទូរទស្សន៍ គឺត្រូវ​បាន​ផលិត​ជា​ស្នាដៃនិពន្ធ​ថ្មី​បានកាន់តែច្រើន ហើយ​គុណភាព​ក៏​កាន់​តែល្អ​ប្រសើរ ស្រប​ទៅ​តាមតម្រូវការ​សង្គម​បច្ចុប្បន្ន។

ជាមួយ​គ្នា​នេះ សម្តេច​តេជោ ក៏​បានសម្តែង​នូវ​សេចក្តី​សប្បាយ​រីករាយ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត និង​ឆន្ទះ​របស់បងប្អូន​ជនរួមជាតិ នៅ​ក្នុង​វិស័យ​ឯកជន​ទាំងអស់ ដែលបាន​ខិតខំនិពន្ធ និង​បង្កើត​ស្នាដៃសិល្បៈថ្មីៗ ដែល​មានគុណភាព​ស្របតាមច្បាប់​ស្តីពីសិទ្ធិអ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ជួយ​លើកកម្ពស់​សិល្បៈ​វប្បធម៌បុរាណខ្មែរនៅ​ក្នុង​ស្នាដៃ​និពន្ធថ្មីរបស់ខ្លួនផងដែរ។

សម្តេចតេជោបានសម្តែងក្តីរំពឹងថា ឧស្សាហកម្ម​ភាពយន្ត ចម្រៀង និងតន្រ្តី គឺជា​ឧស្សាហកម្ម​ច្នៃប្រឌិត​នៅ​ក្នុងវិស័យ​វប្បធម៌ដែលមានសក្តានុពលមិនចេះរីងស្ងួត ដែលតួអង្គ​ក្នុង​វិស័យ​ឯកជនទាំងអស់​ត្រូវ​ខិតខំ​ទាញ​យកឱកាស​ទាំងនេះឱ្យ​​បានជាអតិបរមា ជាពិសេស​នៅពេល​ដែល​រាជរដ្ឋាភិបាល​បានបើក​ឱ្យ​ដំណើរ​ការ​ឡើងវិញ​នូវ​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច រួមទាំង សារមន្ទីរ រោងភាពយន្ត រោងសម្តែង​សិល្បៈ ក៏​ដូចជា​ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធី​បុណ្យ​ប្រពៃណី​នានា​ជា​ដើម៕

Advertisement
Advertisement