Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចក្រឡាហោម ស ខេង ៖ ចៅហ្វាយខេត្តមួយចំនួន មិនចុះទៅមូលដ្ឋានផ្ទាល់ ទើបមិនស្គាល់មូលដ្ឋានខ្លួនឯង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា មានចៅហ្វាយខេត្តមួយចំនួន មិនចុះទៅមូលដ្ឋានផ្ទាល់ ទើបមិនស្គាល់មូលដ្ឋានខ្លួនឯង។ សម្តេចក្រឡាហោម មានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២២។

សម្តេចក្រឡាហោម មានប្រសាសន៍ថា« ចៅហ្វាយខេត្ត និងចៅហ្វាយស្រុកដែលពុំស្គាល់មូលដ្ឋានពិតជាមានការលំបាក ហើយការងារនេះមិនអាចមើលស្រាលបាននោះទេ ព្រោះថាប្រសិនបើមិនស្គាល់មូលដ្ឋានមានន័យថា ចៅហ្វាយខេត្តមិនដែលបានចុះទៅសាកសួរសុខទុក្ខប្រជាជពលរដ្ឋ មិនដឹងពីការរស់នៅ ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ»។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានណែនាំដល់អភិបាលខេត្ត អភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធត្រូវចុះមូលដ្ឋាន ព្រមទាំងកំណត់គោលដៅឱ្យបានច្បាស់ ថា«តើចុះទៅដើម្បីអ្វី? ជួបអ្នកណា?ធ្វើអ្វីឱ្យបានច្បាស់លាស់?ព្រោះមានអ្នកខ្លះចុះមែន ប៉ុន្តែមិនដឹងចុះទៅធ្វើអីទេ ព្រោះមិនឃើញលទ្ធផលអ្វីទាំងអស់»ការចុះទៅគឺដើម្បីមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយរួមគ្នាដោះស្រាយទៅតាមលទ្ធភាព និងសមត្ថភាព។

ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោមមានប្រសាសន៍បន្ថែមទៀតថា« ត្រូវចាត់ទុកប្រជាពលរដ្ឋ ជាចៅហ្វាយនាយរបស់យើង ហើយយើងជាអ្នកបំរើរបស់ពួកគាត់ដោយទទួលយកសំណើសំណូមពរចាំបាច់របស់ពួកគាត់យកមកដោះស្រាយដោយយកចិត្តទុកដាក់ ប្រកបដោយយុត្តិធម៌។ ទន្ទឹមនឹងនេះ សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា ការចែកអំណោយដល់ប្រជាពលរដ្ឋគឺជារឿងសំខាន់ហើយជាអ្វីដែលពួកគាត់ចង់បាន តែអ្វីដែលកាន់តែសំខាន់ថែមទៀតនោះ គឺការផ្តល់យុត្តិធម៌ដល់ពួកគាត់ព្រោះយុត្តិធម៌មានតម្លៃកាត់ថ្លៃមិនបាននោះទេ»៕

Advertisement
Advertisement