Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ពានអាកាស និង​ផ្លូវក្រោមដីចោមចៅ គ្រោងដាក់ឱ្យ​ប្រើ់ប្រាស់សាកល្បង​នៅចុងសប្តាហ៍នេះ

(ភ្នំពេញ) ៖ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ដែលជា​គម្រោង​របស់ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ គិត​មកដល់ពេលនេះ ការដ្ឋាន​ទាំង មូល សម្រេចបាន​ប្រមាណ ៩៨ ទៅ ៩៩ ភាគរយ​ហើយ ពោលគឺអាចនឹងរួចរាល់​នៅ​ចុងសប្តាហ៍​នេះ ហើយ​អាចដាក់ឲ្យ​​បងប្អូន​ប្រជាពលរដ្ឋធ្វើ​ដំណើរ ឆ្លងកាត់ ជា​បណ្តោះអាសន្ន​។​

ក្នុងឱកាស​​ដឹកនាំ​មន្ត្រី​ជំនាញ ក៏ដូចជា ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២ លោក ឃួន ស្រេង អភិបាល​រាជធានីភ្នំពេញ បាន​មានប្រសាសន៍ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៃ​រង្វង់​មូល ចោមចៅ ការដ្ឋាន​ទាំងមូល បានសម្រេច​ប្រមាណ ៩៨ ទៅ ៩៩ ភាគរយ​ហើយ ពោលគឺ នៅតែ​រយៈពេល ៥ ថ្ងៃ​ទៀត ការដ្ឋាន​មួយ​នេះ នឹង​ស្ថាបនា​បាន​រួចរាល់ ហើយ​រដ្ឋបាល​រាជធានី គ្រោង​នឹង​សុំ​គោលការណ៍ ទៅ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បើក​ឲ្យ​​ដំណើរការ ជា​បណ្ដោះអាសន្ន ដើម្បីឲ្យ​​បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ ឆ្លងកាត់​បាន ហើយ​នៅពេល​វេលា ដ៏​សមគួរ​មួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សុំ​គោលការណ៍ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​អញ្ជើញសម្តេច​តេ​ជោ ជា​អធិបតីភាព បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ នៃ​ស្ពាន​អាកាស​ថ្មី នៅ​រង្វង់​មូល​ចោមចៅ​នេះ ជា​ផ្លូវការ​តែម្តង​។

លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ពី​ភាពយឺតយ៉ាវ បណ្តាលមកពី​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ផងដែរ ដែល​ធ្វើឲ្យ​​កម្មករ ក៏ដូចជា អ្នកទទួល​ការសាងសង់ អូសបន្លាយ​ពេល ប៉ុន្តែ​ទោះបីជា យ៉ាងណាក្តី ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ នឹង​អាចអោយ​ប្រជាពលរដ្ឋ បាន​ឆ្លងកាត់ ជា​បណ្តោះអាសន្ន នៅ​ប៉ុន្មាន​ថ្ងៃ ខាងមុខ​នេះហើយ​។​

​គួរ​បញ្ជាក់ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​ម៉ៅការ​សាងសង់ ដោយ​ក្រុមហ៊ុន​វិនិយោគទុន អាណិកជន​កម្ពុជា (OCIC) បានបើកការដ្ឋានសាងសង់កាល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ការសាងសង់ ក្នុង​រយៈពេល ៣០​ខែ និង​ចំណាយ​ថវិកា​សាងសង់ ប្រមាណ ២២ លាន​ដុល្លា​អាមេរិក​៕

Advertisement
Advertisement