Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកជំទាវ ឱ វណ្ណឌីន ៖ វីរុសកូវីដ-១៩ មិនថាប្រភេទណាជាប្រភេទណា សុទ្ធតែអាចអាចបណ្តាលឱ្យស្លាប់បាន

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល

កំពង់ស្ពឺ – ថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកយុទ្ធនាការជាតិអប់រំសុខភាព ក្រោមប្រធានបទ “រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ” នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា វីរុសកូវីដ-១៩ មិនថាប្រភេទណាជាប្រភេទណា សុទ្ធតែអាចអាចបណ្តាលឱ្យអ្នកជំងឺស្លាប់បាន និងមិនមែនជាជំងឺផ្តាសាយនោះទេ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល

លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “កន្លងមក ក្នុងពេលដែលមានការរាតត្បាតវីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី “អូមីក្រុង” យើងសង្កេតឃើញថា មានការយល់ច្រឡំមួយចំនួនក្នុងចំណោមប្រជាពលរដ្ឋយើង ដូចជាការយល់ឃើញថាវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង មានសភាពស្រាលៗដូចជាជំងឺផ្ដាសាយធម្មតា មិនឈឺធ្ងន់ ឬមិនស្លាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួន បានភ្លេចខ្លួន មានការធ្វេសប្រហែស មិនបានអនុវត្តវិធានការការពារខ្លួនឱ្យត្រឹមត្រូវ និងមានការយឺតយ៉ាវ ឬមិនទៅទទួលយកការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញនៅពេលដល់វេនចាក់ជាដើម។ នេះជាកត្តាប្រឈមធំ ក្នុងការឆ្ពោះទៅរកហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ដែលជាកត្តាជំរុញឱ្យមានការចម្លងបន្តគ្នាកាន់តែច្រើនឡើងៗនៅតាមសហគមន៍ទៅវិញ”។

លោកជំទាវបានបន្ថែមថា លទ្ធផលរំពឹងទុកក្នុងរយៈពេលខ្លី (Immediate output) របស់យុទ្ធនាការ “រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ” គឺប្រជាពលរដ្ឋនឹងមានការផ្លាស់ប្តូរការយល់ឃើញមិនត្រឹមត្រូវរបស់ខ្លួននេះ ដោយត្រូវចាប់ផ្តើមនិយាយប្រាប់ដល់មិត្តភក្តិ ក្រុមគ្រួសារ ឬសាច់ញាតិរបស់ពួកគាត់ថា វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង មិនមែនជាជំងឺសាមញ្ញពេកដូចជំងឺផ្ដាសាយធម្មតានោះទេ វាមានការឆ្លងស្ងាត់ៗ និងលឿនខ្លាំង អាចបង្កហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារអ្នកបានគ្រប់ពេលទាំងអស់៕

Advertisement
Advertisement