Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ធនាគារពិភពលោក ៖ កំណើនសេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានតែត្រឹម៣,៨ភាគរយ ក្នុងឆ្នាំនេះ

ភ្នំពេញ – ធនាគារពិភពលោក បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានតែត្រឹម៣,៨ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២២ ដែលនេះគឺជាសេណារីយោទាបជាងគេដែលត្រូវបានសន្និដ្ឋាន។

តាមរយៈរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ (៥មករា) ធនាគារពិភពលោក គូសបញ្ជាក់នូវបញ្ហាមួយចំនួនដែលគំរាមកំហែងដល់ការស្តារសេដ្ឋកិច្ចកម្ពុជា ដូចជាសង្គ្រាមនៅប្រទេសអ៊ុយក្រែន ការធ្លាក់ចុះតម្រូវការសាកល ការបន្តឹងទីផ្សារហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក​ ជាដើម។ ជាមួយគ្នានេះ ការកើនឡើងនៃមេរោគប្រភេទអូមីក្រុង ចាប់ពីអំឡុងខែកុម្ភៈ ​ឆ្នាំ២០២២ ក៏រួមចំណែកបង្អាក់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ ធនាគារពិភពលោក ក៏​បានព្យាករណ៍ផងដែរថា វិស័យកម្មន្តសាលសម្រាប់នាំចេញរបស់កម្ពុជានឹងជួបការលំបាកព្យុះភ្លៀងនាពេលប៉ុន្មានខែខាងមុខ ដោយសារបរិយាកាសមិនអំណោយផល បណ្តាលមកពីការធ្លាក់ចុះតម្រូវការនៅសហរដ្ឋអាម៉េរិក និងការធ្លាក់ចុះរចនាសម្ព័ន្ធទូទៅនៅក្នុងប្រទេសចិន។

លើសពីនេះ ការកើនឡើងតម្លៃថាមពល និងស្បៀងអាហារ ដោយសារសង្គ្រាមនៅអ៊ុយក្រែន ជះផលអវិជ្ជមានដល់ការកាត់បន្ថយភាពក្រីក្រ ព្រោះបញ្ហានេះបានដាក់បន្ទុកលើការចំណាយកាន់តែខ្ពស់របស់គ្រួសារ។ ជាក់ស្តែង អតិផរណាកើនឡើងដល់៤,១ភាគរយ ក្នុងខែមករា ឆ្នាំ២០២២ ប៉ុន្តែដោយសារមានការគាំទ្រពីធនាគារកណ្តាល (ធនាគារជាតិនៃកម្ពុជា) ទើបអត្រាប្តូរប្រាក់បន្តមានស្ថិរភាពត្រឹម ៤ ១០០ ៛ ក្នុងមួយដុល្លារអេម៉េរិក។ ធនាគារពិភពលោក បន្តលើកឡើងថា កំណើនឥណទានខ្ពស់ក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យមួយយ៉ាងសំខាន់ចំពោះស្តិរភាពហិរញ្ញវត្ថុនៅកម្ពុជា។

ការស្តារសេដ្ឋកិច្ចកម្ពុជា ក៏នៅតែជួបការលំបាក ដោយសារការស្តារឡើងវិញនៅមានភាពមិនស្មើគ្នានៅឡើយ គឺវិស័យកាត់ដេរ ទំនិញធ្វើដំណើរ ស្បែកជើង កង់ រួមទាំងវិស័យកសិកម្ម បានស្តារឡើងវិញទាំងស្រុងហើយ ក៏ប៉ុន្តែវិស័យធ្វើដំណើរ និងទេសចរណ៍ ដែលជាចលករជំរុញកំណើនដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា នៅមិនទាន់មានសកម្មភាពនោឡើយ។ ស្របពេលជាមួយគ្នានេះ ទីផ្សារការងារក៏រងសម្ពាធធ្ងន់ធ្ងរដោយសារ ចំនួនពលករខ្មែរ ត្រឡប់ពីបរទេសមកស្រុកវិញ កាន់តែច្រើនផងដែរ៕

Advertisement
Advertisement