Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ដំណេីរឈានដល់នៃសង្ក្រាន្តឆ្នាំថ្មី!

នៅវេលាម៉ោង​ ១០:០០នាទី​ យាមព្រឹកព្រលឹម​នៃថ្ងៃព្រហស្បតិ៍​ ១៣កេីត​ ខែចេត្រ​ ពុទ្ធសករាជ​ ២៥៦៥ ផ្ទៃអាកាសមេឃា​ស្រលះល្អ​ ជាពេលដ៏នក្ខត្តឫក្ស​ ​ចុងចួនមីនរាសី​ និងមេសរាសីដល់ទីជួបប្រសប់​ ឋានសួគ៌កាមា​ ចាតុម្មហារាជិកាទេវតា​​មីរជុំច្រេីនដេរដាសទាំងកោដិទេវតា​ ទេពនិករ​ បវរកញ្ញា​ ទាំងឋានមនុស្សលោកកម្ពុជរដ្ឋក៏សុទ្ធសឹងមានចិត្តរំភេីបរីករាយ​ ទទួលអំណរស្វាគមន៍ឆ្នាំថ្មី​ ស្វាគមន៍នូវដំណេីរ​យាងមកដល់នូវ​ទេពធីតាសង្ក្រាន្តមួយព្រះអង្គ​ព្រះនាម​ កិរិណីទេវី ដែលជាមគ្គនាយិកា​ គង់នាចាតុម្មហារាជិកាសួគ៌​ អម្ពរព័ណ៌​ ស្លឹកចេកស្រស់ ស៊កសៀតនូវព្រះកាណ៌ដោយផ្កាសួគ៌​ មន្ទារវបុស្ប ប្រដាប់ដោយ​ កែវមរកត ភក្សាហារ​ គឺ​ គ្រាប់ធញ្ញជាតិ​ មាន​សណ្តែក-ល្ង​ មានគ្រឿងអាវុធ​ជា​ កង្វេរ នៅព្រះហស្ថស្តាំ​ ព្រមដោយ​ កាំភ្លេីង នៅព្រហស្ថឆ្វេង​ មានយានជំនិះជាគជេន្ទ្រ​ (ស្តេចដំរី​)​ ទ្រង់យាងចុះមកដោយអាការឈរគន់រំពៃរ៍លៃមេីលសព្វទិសានុទិសទាំងដែនសកលនគរទេវតា​ និងមនុស្សលោកក្នុងជម្ពូរទ្វីប​។

ហែរហមនូវទេព្តា​ ទេពនិករ​ មួយសែនកោដិ​ ហោះនាំយកនូវសិរសាកបិលមហាព្រហ្ម​ពីគុហាកែវ​ ធម្មមាលី ទៅតាមទេវបវេណី​ រួចដង្ហែប្រទក្សិណ​ជុំវិញភ្នំព្រះសិនេរុ​ ជាគម្រប់៦០នាទី​ រួចយកទៅប្រតិដ្ឋស្ថានទុកនៅកន្លែងដេីមវិញ​ ស្រេចហេីយក៏បូជាដោយគ្រឿងទិព្វតេជះផ្សេងៗ​ ស្រេចហេីយទេីបនាំពពួកបរិវារទាំងសែនកោដិចូលទៅស្រោចស្រពជម្រះមន្ទិលសៅហ្មងដល់ផងគ្នាក្នុងអនោត្តមហាស្រះ​ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ​ ជាមាត់គោឧសភរាជ​ ទាំងប្រាំពីរ​ ត្រជាក់ត្រជំជាសុខក្សេមក្សាន្តសម្រាន្តជាភយោភាព កាលណាមានព្រះសរីរ:​ជម្រះល្អ​ដោយវត្ថុជាទិព្វក្នុងអនោត្តស្រះហេីយ​ ទេីបត្រឡប់ចូលមកសមាទាននូវសីល​ ក្នុងភគវតី​ ជាទីដែលនិមិត្តដោយវិស្សកម្មទេវបុត្រ​ ដេីម្បីបាននូវឫទ្ធីតេជះបារមី​ បាននូវសេចក្តីចម្រេីន​ ប្រកបដោយសន្តិភាពអស់ទាំងពពួកទេវតា​ និងមនុស្សលោក​ បាននូវសិរីសួស្តី​ ជយមង្គលបវរប្រសេីរក្រៃលែងក្នុងឆ្នាំថ្មីដែលនឹងឈានចូលមកដល់​។

លុះវេលាជាវារ:ឡេីងស័កឈានដល់​ ក៏បានហែរហមអស់ទាំងសែនកោដិទេវតាហោះមកសាទរក្នុងពិធីផ្ទេរនូវតំណែងទេវតាចាស់​ ផ្លាស់ទេវតាថ្មី​ ពោលគឺ​ ឆ្នាំឆ្លូវត្រីស័ក ផ្លាស់ចូល​ #ឆ្នាំខាលចត្វាស័ក នារសៀលថ្ងៃសៅរ៍​ ពេញបូរមី​ តិថី​ ១៥កេីត​ ខែចេត្រ​ ពុទ្ធសករាជ​ ២៥៦៥​ វេលាម៉ោង​ ១៣:៤៩នាទី:៤៨វិនាទី​ ក៏ជាពេលដែលត្រូវសាទរដោយពាក្យថា​ “សួស្តីឆ្នាំថ្មី”​ សួស្តី​ ឆ្នាំខាល​ ចត្វាស័ក​ មហាសករាជ​ ១៩៤៤​ ចុល្លសករាជ​ ១៣៨៤។

☆ ថ្ងៃព្រហស្បតិ៍ ទី១៣កេីត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស. ២០២២​ វេលាម៉ោង១០:០០នាទីជាថ្ងៃមហាសង្ក្រាន្ត
☆ ថ្ងៃសុក្រ ទី១៤កេីត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស.​ ២០២២​ ជាវារៈវ័នបត
☆ ថ្ងៃសៅរ៍​ ទី១៥កេីត​ ពេញបូណ៌ ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.​ ២០២២ វេលាម៉ោង​ ១៣:៤៩នាទី:៤៨វិនាទី​ ជាវារៈឡេីងស័ក​ ចូលមហាសករាជ ១៩៤៤ និង​ ចុល្លសករាជ ១៣៨៤​ ឆ្នាំខាល​ ចត្វាស័ក​ គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៍ចូលជាសកលឆ្នាំខាលចត្វាស័ក​ មហាសករាជ ១៩៤៤​ ចុល្លសករាជ ១៣៨៤

Advertisement
Advertisement