Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីនាយរងការិយាល័យព្រហ្មទណ្ឌស្នងការនគរបាលខេត្តតាកែវ គេរកឃើញ​ករណី​ល្មើស​មួយ​ពាក់ព័ន្ធករណីបង្ខាំងមនុស្ស

(តាកែវ) ៖ ករណី​លោក ទុន ឧត្តម ហៅហេង នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដកកាំភ្លើងភ្ជង់សន្តិសុខកាស៊ីណូភ្នំដិនម្នាក់រឿងដណ្តើមស្រីស្នេហ៍នោះ ពេល​នេះ គេរកឃើញថា លោក​នាយរង​រូបនោះ​មានពាក់ព័ន្ធនឹង​ករណីបង្ខាំង​មនុស្ស​មួយ​ករណីថែមទៀត។

បើតាមប្រភពពីសមត្ថកិច្ច​ស្រុក​គីរីវង់ បាន​ឲ្យ​ដឹងថា មុន​នឹង​កើត​មានករណី​ដកកាំភ្លើងភ្ជង់សន្តិសុខកាស៊ីណូភ្នំដិន លោក ទុន ឧត្តម បានប្រាប់​ឲ្យ​នារីម្នាក់ដែលជា​អ្នក​លក់កាហ្វេ និង​ជាគូដណ្តឹង​របស់​បុរសសន្តិសុខកាស៊ីណូភ្នំដិន កុម្មង់ម្ហូប និង​យក​ម្ហូបនោះទៅ​ឲ្យ​ខ្លួន​នៅ​ក្នុងបន្ទប់ផ្ទះសំណាក់មួយ។ ក្រោយ​ពីនារីរូបនោះ​យក​ម្ហូបទៅ​ដល់ លោក ទុន ឧត្តម បានបិទទ្វារ និងដកហូតទូរស័ព្ទស្រីរូបនោះ ព្រមទាំងភ្ជង់សម្លុត និង​បង្ខាំង​នៅ​ក្នុង​បន្ទប់នោះថែមទៀត។

ដោយសារតែករណីនេះហើយ ទើប​ឈានដល់មានជម្លោះ​រវាង​សន្តិសុខកាស៊ីណូភ្នំដិន ជាមួយ​លោក ទុន ឧត្តម នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ រហូត​ឈានដល់ដកកាំភ្លើងភ្ជង់បុរសរសន្តិសុខ ព្រមទាំងគំរាមសម្លាប់ថែមទៀត។

សូមបញ្ជាក់ថា រឿងរ៉ាវ​ទាំងនេះ បានកើត​ឡើង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២២កន្លងទៅ ក្រោយ​ពី​សន្តិសុខម្នាក់ឈ្មោះ ធា គីរី អាយុ​៤២ឆ្នាំ បានដាក់ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច ករណីលោក ទុន ឧត្តម ហៅហេង អាយុ​៥០ឆ្នាំ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌ​កម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ បានប្រើអំណាច ដោយ​ដកកាំភ្លើងខ្លីភ្ជង់ខ្លួន និង​គំរាមសម្លាប់។ ក្រោយ​ពីការ​សាកសួររបស់សមត្ថកិច្ច ធ្វើបានធ្លាយ​ដល់រឿងលោក ទុន ឧត្តម ជាប់ពាក់ព័ន្ធដល់ករណីបង្ខាំងមនុស្ស​ខុសច្បាប់ថែមទៀត។

លោក ទុន ឧត្តម ហៅហេង នេះ ត្រូវ​គេដឹងថា គឺជា​បុគ្គល​ដែលមាន​រឿងល្បីល្បាញខាងបាញ់បោះសេរី អស់៣ជំនាន់ស្នងការខេត្តតាកែវហើយ ដោយ​គេមិនឃើញបុគ្គលរូបនេះ មានទោសពៃរ៍អ្វីឡើយ ។ ហើយពេលនេះ សាធារណៈជនកំពុងរង់ចាំមើលថា តើបុគ្គលរូបនេះ អាចរួចខ្លួនទៀត ដែរ ឬយ៉ាងណា?៕

Advertisement
Advertisement