Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្ដេច ហ៊ុន សែន ស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់

ភ្នំពេញ – ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្ដានុពលផ្សេងទៀត ដើម្បីវិនិយោគនៅកម្ពុជា។

បើតាម​ប្រសាសន៍របស់ លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងថា ក្នុង​ជំនួប​នាព្រឹកថ្ងៃទី៥ ឧសភា លោក Michael W Michalak អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្ដែងនូវការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

លោក Michael W Michalak ក៏​បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលទទួលបានជោគជ័យ នាំទៅដល់ការបើកឡើងវិញនីងសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឱ្យមានជំនួបដោយផ្ទាល់នៅថ្ងៃនេះ។

នៅក្នុងជំនួបនេះដែរ លោក Michael បានដឹកនាំក្រហ៊ុនចំនួន ១៣ ដោយបែងចែកជា៣ក្រុម ហើយបានលើកមកពិភាក្សា លើបញ្ហាថាមពល ការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ចឌីជីថល និងវិស័យសុខាភិបាល។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson និង Pfizer ដល់កម្ពុជា ហើយបានជម្រាបជូនប្រតិភូ អំពីស្ថានភាពថាមពលនៅកម្ពុជា ដែលក្នុងនោះកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនីផលិតដោយវារីអគ្គិសនីដែលសរុបទាំងអស់មានចំនួន ៦១,៣៩ភាគរយ អំពីសូឡាមានចំនួន ៤,១ភាគរយ និងជីវៈឧស្ម័នចំនួន ០,២៨ភាគរយ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្ត ពោធិ៍សាត់ ហើយបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្ដានុពលផ្សេងទៀត ដើម្បីវិនិយោគនៅកម្ពុជា៕

Advertisement
Advertisement