Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កំពង់ផែទឹកជ្រៅមួយ​ទៀត​ សាងសង់​នៅ​ខេត្តកំពត

បន្ទាប់​ពីមានកំពង់ផែទឹកជ្រៅមួយ​រួចហើយ​នៅ​ខេត្តព្រះសីហនុ ពេលនេះ កម្ពុជា​បានបង្កើត​កំពង់ផែ​ទឹកជ្រៅមួយ​កន្លែង​នៅ​ខេត្ត​កំពត ដោយ​បានធ្វើ​ពិធី​បើកការដ្ឋាន​នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២២។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងថា កំពង់ផែទឹកជ្រៅនេះ ដើរ​តួនាទីយ៉ាងសំខាន់នៃមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវទិសដៅកំណើនសេដ្ឋកិច្ចតាមការរំពឹងទុក។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែ ពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។

គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា កំពង់ ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញអនុវត្តឱ្យបានជោគជ័យនូវផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចុះក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

សូមជម្រាបជូនថា​ ផ្អែកលើលទ្ធផលនៃការសិក្សាលម្អិត គម្រោងវិនិយោគនេះឋិតទីតាំងដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសក្តានុពលខ្ពស់សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ដោយមានកត្តាអំណោយផលពីធម្មជាតិរួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ ជាពិសេស ក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។

គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០ លានដុល្លារអាមេរិក ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក។

គម្រោងនេះនឹងរួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេស ចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕

Advertisement
Advertisement