Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ទិន្នផលម្រេចឆ្នាំអាចនឹងធ្លាក់ចុះ ខណៈតម្លៃដឹកជញ្ជូនឡើងថ្លៃ

ទិន្នផលម្រេចឆ្នាំ ២០២២នេះ អាចនឹងធ្លាក់ចុះចន្លោះពី ១០% ទៅ ៤០% ទៅតាមតំបន់បើធៀបនឹងឆ្នាំចាស់ ខណៈដែលការរកើនឡើងតម្លៃក្នុងការដឹកជញ្ជូនចំពោះក្រុមហ៊ុននាំចេញ។

លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានថ្លែងថា ការធ្លាក់ចុះនេះ គឺដោយសារកត្តាបម្រែបម្រួលអាកាសធាតុ និងកត្តាមួយចំនួនទៀតទៅតាមតំបន់ផ្សេងៗគ្នា រួមមានដូចជា កង្វះកម្លាំងពលកម្មក្នុងដំណើរការផលិតកម្ម (ប្រមូលផលយឺតពេល ខាតបង់ថរិកា), គុណភាពម្រេចបានធ្លាក់ចុះនៅតាមតំបន់មួយចំនួន (មិនអាចអនុលោមតាមស្ដង់ដារ) មិនអាចឆ្លើយតបតាមតម្រូវការរបស់ក្រុមហ៊ុននាំចេញ, បរិមាណបញ្ជារទិញម្រេចរបស់ក្រុមហ៊ុននាំចេញមួយចំនួនបានធ្លាក់ចុះ ដោយកង្វះទីផ្សារអន្តរជាតិ និងបរិមាណម្រេចស្ដង់ដារសម្គាល់ភូមិសាស្រ្តកំពត (GI) សល់ក្នុងស្ដុកតិចតួច។

ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាដែលបានលើកឡើងខាងលើនេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានពិភាក្សា និងបង្ហាញពីផែនការមួយចំនួន គឺស្វែងរកស្ថាប័នគ្រឹះស្ថានដើម្បីធ្វើជាដៃគូយុទ្ធសាស្រ្តក្នុងការផ្ដល់កម្ចីដល់សមាជិក ជាមួយអត្រាការប្រាក់ទាប និងលក្ខខណ្ឌងាយស្រួល, បង្កើនកិច្ចសហប្រតិបត្តិការជាមួយទាំងអង្គការដៃគូអភិវឌ្ឍន៍ បណ្ដាក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាល ដើម្បីចូលរួមលើកកម្ពស់ការនាំចេញផលិតផលម្រេច និងគ្រឿងទេស, ពង្រីកទីផ្សារម្រេចទៅកាន់អន្តរជាតិ និងពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងសហព័ន្ធផងដែរ។

សូមបញ្ជាក់ថា ទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញម្រេចក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២២ មានបរិមាណសរុប ៣ ០៧២តោន កើនឡើង ១៧៥,០៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំចេញទៅប្រទេសវៀតណាម មានបរិមាណច្រើនជាងគេដែលស្មើនឹង ២៩៣០តោន, អាល្លឺម៉ង់ ១០៥តោន, ម៉ាឡេស៊ី ១៣តោន, ប៊ែលហ្ស៊ិក ៨តោន, បារាំង ៧តោន, ឆេក ២តោន, កាណាដា ១តោន, ជប៉ុន ១តោន, អាមេរិក ០,៩២តោន, ចក្រភពអង់គ្លេស ០,៩តោន, ស៊ុ អ៊ែត ០,៤៩ តោន, កាហ្សាក់ស្ថាន ០,២៩តោន និងអូស្ត្រាលី ០,១០តោន៕

Advertisement
Advertisement