Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​២នាក់ ក្រោយ​ធ្វើ​គ្រាប់បែកច្នៃបំផ្ទុះ​នៅ​ក្រុងសៀមរាប

យុវជន​ចំនួន​២នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​កាលពី​ថ្ងៃទី៧ ខែមិថុនា កន្លងទៅនេះ ក្រោយ​ពួក​គេ​កែច្នៃធ្វើ​គ្រាប់​បែក​បំផ្ទុះ​នៅ​នៅមុខស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ខេត្តសៀមរាបកាលពីយប់ថ្ងៃទី៣ ខែ មិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃបិទបញ្ចប់នៃ យុទ្ធនាការរឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥។

លោកវរសេនីយ៍ទោ ដា ចម្រើន អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថា ជនសង្ស័យ២នាក់ ដែលពាក់ព័ន្ធកែច្នៃរំសេវបំផ្ទុះនៅកណ្ដាលក្រុងសៀមរាប ទី១ឈ្មោះ សេង សុកន ភេទប្រុស អាយុ១៨ឆ្នាំ និងទី២ឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរមានមុខរបរជួសជុលម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

នៅ​ចំពោះ​មុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ​ សេង សុកន បានឆ្លើយសារភាពថា ខ្លួនពិតជាបានកែច្នៃរំសេវមែន ដោយសារតែឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង ប្រាប់ខ្លួនថា មានគេវាយនៅសួនបឹងកាឡូ ហើយខ្លួនក៏ប្រាប់ថា ​ខ្លួនចេះផលិតរំសេវផ្ទុះពេលនៅថៃ។ បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង បានឱ្យលុយខ្លួនទៅទិញផាវ​គ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ។ ពេលបានប្រាក់ហើយខ្លួនបានទៅទិញផាវគ្រាប់បាល់ចំនួន៥០គ្រាប់យកមកផលិតជាមួយនឹងថ្មខ្មៅម៉ិច ផលិតបានចំនួន០៥គ្រាប់ រួចឈ្មោះ រ៉ន ដារ៉ុង ដឹកខ្លួនទៅកន្លែងដែលគេវាយ។

ដោយ​នៅ​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៨យប់ ខ្លួន​បានបោកគ្រាប់បែកនៅទីតាំងដែលឈ្មោះ រ៉ន ដារ៉ុង បានប្រាប់ បន្ទាប់មកខ្លួនក៏បានយកគ្រាប់រំសេវកែច្នៃចំនួន៤គ្រាប់ដែលនៅសល់ យកមកហែកបោះចោលតាមផ្លូវ។

បច្ចុប្បន្នកម្លាំងនគរបាលក្រុងសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

Advertisement
Advertisement