Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្នងការនគរបាលរាជធានីភ្នំពេញថា ករណីផ្លាកលេខយានយន្ដ ឆ្កូត ឬមានស្នាមប្រឡាក់ សមត្ថកិច្ចមិនផាកពិន័យឡើយ

ភ្នំពេញ – ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញមកពន្យល់ និងបំភ្លឺជូនសាធារណៈជូនឲ្យបានជ្រាបថា ករណីផ្លាកលេខយានយន្ដ មានស្នាមឆ្កូត ឬប្រឡាក់ សមត្ថកិច្ចមិនផាកពិន័យនោះឡើយ។

ការចេញមកពន្យល់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានការចែកចាយនូវព័ត៌មានមិនពិតមួយចំនួន ដោយខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានពន្យល់បែបនេះថា «បុគ្គលរូបនេះបានធ្វើការផុសផ្សព្វផ្សាយនៅលើបណ្តាញសង្គម Tik Tok ថាសមត្ថកិច្ចនឹងធ្វេីការផាកពិន័យចំពោះយានយន្តណាដែលពាក់ផ្លាកមានស្នាមប្រឡាក់ ឆ្កូត ។ល។ នេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសគោលបំណងអាក្រក់ក្នុងការបំពុលបរិយាកាសសង្គម ជាពិសេសក្នុងន័យបង្ខួចកិត្តិយស ដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តច្បាប់»។

បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា សម្រាប់ករណីដែលនាំឲ្យមានការផាកពិន័យនោះ មានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមាត្រាទី៧ថ្មី ចំណុច «ច» គឺអនុវត្តក្នុងការផាកពិន័យលើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាក់ផ្លាក បាត់លេខ ឬដាក់សម្ភារៈ ឬវត្ថុផ្សេងៗបាំងផ្លាកលេខ៕

Advertisement
Advertisement