Connect with us

Hi, what are you looking for?

ក្នុងស្រុក

យុវជន​ម្នាក់ប្តឹងទៅ​អង្គភាពប្រឆាំងអំពើពុករលួយ ដោយអះអាងថា ដឹងផែនការសម្ងាត់នៃការកាត់ដីព្រៃភ្នំតាម៉ៅទំហំជាង២ពាន់ហិកតា

យុវជន តាន់ គីម សួរ ដែលគេស្គាល់ថាជាអ្នកស្រឡាញ់ធនធានធម្មជាតិ បានអះអាងថា ខ្លួនរកឃើញរឿងរ៉ាវមិនប្រក្រតីជាច្រើនកំពុងតែកើតមានឡើងនៅពីក្រោយការរៀបចំគម្រោងដោះដូរទីតាំង និងផ្ទេរកម្មសិទ្ធិកាន់កាប់ដីព្រៃជាង ២ ០០០ហិកតា នៅតំបន់ព្រៃភ្នំតាម៉ៅ។ លោកនិយាយថា បុគ្គលនិងក្រុមហ៊ុនពាក់ព័ន្ធនឹងផែនការកាត់ដីព្រៃភ្នំតាម៉ៅ ប្រហែលជាបានគប់គិតគ្នាកុហកភូត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៀតផង។

តាមរយៈលិខិតមួយ​ច្បាប់ទៅ​កាន់អង្គភាពប្រឆាំងអំពើពុករលួយ លោក តាន់ គីម សួរ រៀបរាប់ថា តាមខ្លឹមសារនៃលិខិតលេខ៣២ សជណ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី គឺនឹងមានការដោះដូរទីតាំងដីពីរកន្លែង។ ទីតាំងទី១ ទំហំ៣០០ហិកតាជាទីតាំងដីស្ថានីយចិញ្ចឹម គោពូជភ្នំតាម៉ៅរបស់ក្រុមហ៊ុន ខ្មែរ ហ្វេស មិល ឯ.ក និងទីតាំងទី២ ទំហំ៥០០ហិកតានៃព្រៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌល់សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ តែមិនបានបង្ហាញឈ្មោះក្រុមហ៊ុន ឬអ្នកវិនិយោគទុន។

ក្រោយទទួលបាន សជណ ខាងលើ លោក គីម សួរ អះអាងថា​ រូបលោកបានទាក់ទងទៅអគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេស មិល ដើម្បីសុំការស្រាយបំភ្លឺ។ តាមសារសំឡេងរបស់អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេស មិល បញ្ជាក់ថា ខ្លួនលោកផ្ទាល់មានការលំបាកក្នុងការយល់អំពីខ្លឹមសារនៃ សជណ ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីនោះណាស់ព្រមទាំងមិនបានដឹងអំពីផែនការដូរទីតាំងដីក្រុមហ៊ុនរបស់លោកនោះដែរ។ អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេស មិល ថាលោកកំពុងធ្វើការស្រាវជ្រាវថា តើក្រុមហ៊ុនណាជាអ្នកទិញដីដែលគាត់កំពុងជួល ខណៈក្រុមហ៊ុន ខ្មែរ ហ្វេស មិល មិនពាក់ព័ន្ធនឹងការទិញដីនៅតំបន់នោះទេ។

លោក គីម សួរ ដែលអះអាងថាខ្លួនទទួលនូវព័ត៌មានកាន់តែច្រើនអំពីផែនការសម្ងាត់នៃការកាត់ដីព្រៃភ្នំតាម៉ៅ និយាយថា ប្រជាពលរដ្ឋខ្មែរកំពុងតែរង់ចាំមើលថា តើក្រុមហ៊ុនណានឹងទទួលបានដីព្រៃ៨០០ហិកតាខាងលើ។

ក្នុងទំព័រហ្វេសប៊ុក លោក គីម សួរ ដាក់សំនួរសួរថា តើអ្នកណាគឺជាអ្នកនៅពីក្រោយការរៀបចំលិខិតស្នើសុំដោះដូរនិងផ្ទេសិទ្ធទីតាំងដី ទាំងនេះឲ្យពិតប្រាកដ? តើគាត់ជាអ្នកណាបានជាហ៊ានក្លែងបន្លំឯកសារនិងរបាយការណ៍បែបនេះ? តើគាត់ជាអ្នកណាឲ្យពិតប្រាកដ បានជាហ៊ានកុហក សូម្បីតែនាយករដ្ឋមន្ត្រីបែបនេះ? តើក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងរដ្ឋបាលខេត្តតាកែវមានការបកស្រាយយ៉ាងណាដែរចំពោះរឿងនេះ?

យ៉ាងណាក៏ដោយ ចំពោះពាក្យបណ្តឹងនោះ លោក ឱម យ៊ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាន​មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយនឹង​ប្រជុំវិភាគ​ចំពោះពាក្យបណ្តឹងនោះ ក្រោយ​ពីទទួលបានពាក្យបណ្តឹងនោះហើយ៕

Advertisement
Advertisement