Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាលអំពាវនាវឲ្យ​យកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺអុតស្វា

ក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ – ក្រសួងសុខាភិបាលនៅពីថ្ងៃម្សិលមិញ (២៤ កក្កដា) បានណែនាំប្រជាជនទូទៅ ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺ ឬបុគ្គលដែលសង្ស័យកើតជំងឺអុតស្វា រួមទាំងការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺបានជាសះស្បើយ។

ក្រសួងសុខាភិបាលកម្ពុជា

ប្រជាជនត្រូវចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ។ ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។ ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជាជ្រុលប៉ះពាល់ មិនត្រូវយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដៃ ជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។

ចំពោះបុគ្គលដែលបានប៉ះពាល់ផ្ទាល់ជាមួយជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា ដែលបានរកឃើញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រសួងស្នើ​ឱ្យ​ដាក់ខ្លួននៅដោយឡែកពីក្រុមគ្រួសារ ហើយស្វែងរកការគាំទ្រពិនិត្យសុខភាពពីក្រុមគ្រូពេទ្យ ឬហៅទៅលេខ ១១៥ ដើម្បីទទួលបានការជួយអន្តរាគមន៍ផ្នែកសុខភាពបានទាន់ពេលវេលា ចៀសវាងការចម្លងបន្តនូវជំងឺអុតស្វានេះនៅក្នុងគ្រួសាររបស់ខ្លួន និងនៅក្នុងសហគមន៍។ នេះជាការអំពាវនាវបន្លែរបស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលណែនាំដល់បុគ្គលមានរោគសញ្ញា ត្រូវធ្វើតេស្ត វិភាគនៅមន្ទីររពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជួនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈ ឬវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ រោគសញ្ញាមានដូចជា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើម កូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លង ដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុម គ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជួនទៅកាន់មន្ទីររពេទ្យដែលនៅជិត។ បន្លែមពីនេះ ត្រូវដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់ព្យាបាលជាសះស្បើយ ឬ មានការបញ្ជាក់ពីមន្ទីររពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ និងត្រូវសាកសួរដល់អ្នកនៅជុំវិញជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នា។

នៅច្រកចេញចូលអន្តរជាតិ មន្ត្រីប្រចាំការត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នក ដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយមានគ្រុនក្ដៅ និងមានរោគសញ្ញាដូចរៀបរាប់ខាងលើ រួមមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វាបែបអង់ដេមី (Monkeypoxendemic) មានដូចជា ប្រទេសបេណាំង (Benin), កាមេរ៉ូន (Cameroon), សាធារណរដ្ឋអាហ្វ្រិកកណ្ដាល (the Central African Republic, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្វូ (the Democratic Republic of the Congo, ហ្គាបុង (Gabon), ហ្គាណាដែលរកឃើញនៅលើសត្វត ប៉ុណ្ណោះ (Ghana identified in animals only), កូដឌីវ័រ (Ivory Coast), លីបេរឺ (Liberia, នីហ្សេរីយ៉ា (Nigeria), សាធារណរដ្ឋកុងហ្គោ (the Republic of the Congo), សេរ៉ាឡេអុង (Sierra Leone), ហ្គានិងប្រទេសស៊ូដង់ ខាងត្បូង (South Sudan) ត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។

ការអំពាវនាវរបស់ក្រសួងសុខាភិបាលធ្វើឡើងស្របពេលដែលកម្ពុជាបានរកឃើញករណីជនជាតិនីហ្សេរីយ៉ម្នាក់ដែលអាជ្ញាធរថៃបានធ្វើរោគវិនិច្ឆ័យថាមានជំងឺអុតស្វាយ ហើយបានរត់គេចខ្លួនចូលមកកម្ពុជានោះ ខណៈអង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសដាក់ភាពអាសន្នសុខភាពសាធារណៈនៃជំងឺរាតត្បាតអុតស្វានៅលើសាកលលោក៕

Advertisement
Advertisement