Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងឲ្យ​បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវាទូរស័ព្ទ

(ភ្នំពេញ) ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃនេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ប្រកាស​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​ពង្រីក​កម្លាំង​សេវាទូរស័ព្ទ ដោយថា វាធ្វើ​ឲ្យប៉ះពាល់ដល់គុណភាពសេវាទូរស័ព្ទ។

ក្រសួងប្រៃសណីយ៍​បាន​លើក​ឡើងថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុនិងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក.ប.ទ. បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។

ក.ប.ទ. ស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។

ក.ប.ទ. ក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។

យោងតាមមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា “ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល”។

យ៉ាងណាក៏ដោយ ក្រសួងប្រៃសណីយ៍​ក៏​បាន​បញ្ជាក់ដែរថា ខ្លួនបាននិងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខានិងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសេវាផងដែរ៕

Advertisement
Advertisement