Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពីនេះ…ពីនោះ , ករណីដាំកញ្ឆានៅស្រុកពេជ្រាដា ទ័លត្រឹមប៉ះលោកធំ

មណ្ឌលគិរី : បុរសជាជនជាតិយួន២នាក់គឺ ង្វៀន វ៉ាន់ហ្វាង និង ហ្វាម វ៉ាន់ថាយ ដែលជាប់ពាក់ព័ន្ធករណី លួចដាំកញ្ឆាខុសច្បាប់ នៅភូុមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបាននគរបាលបញ្ជូនទៅកាន់តុលា ការហើយកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ ។ ប៉ុន្តែហាក់ដូចជាពុំមានសេចក្ដីរាយការណ៍អំពីការបន្តនីតិវិធីស៊ើបអង្កេតទាក់ទងសំណុំរឿងដាំកញ្ឆាដែលជារុក្ខជាតិញៀនដ៏សម្បើមនេះឡើយ ។

រហូតមកដល់ពេលនេះបើទោះបីជាពុំមានការបង្ហាញឲ្យដឹងជាសាធារណៈពីសមត្ថកិច្ចថា ម្ចាស់ទីតាំងដាំកញ្ឆា ដែលមានទំហំ១ហិចតានោះជានរណា ? តើភាពពាក់ ព័ន្ធរវាងម្ចាស់ដី និងឈ្មួញដាំរុក្ខជាតិញៀនកញ្ឆាមាន ទំនាក់ទំនងគ្នាក្នុងកម្រិតណាក្ដី , ក៏មានការឲ្យដឹងពីនេះ…ពីនោះ…មកថា ម្ចាស់ដីជាអ្នកមានអំណាចនៅក្នុងខេត្ត គឺលោក ម៉ៅ ធនារក្ស ដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាមួយរូបរបស់ខេត្តមណ្ឌលគិរី , តើពិតមែនទេ ?

យើងបានព្យាយាមទាក់ទងទៅលោក ម៉ៅ ធនារក្ស ដើម្បីសុំការបំភ្លឺករណីនេះ ប៉ុន្តែពុំមានអ្នកទទួលទូរសព្ទ ។ ជាការពិតណាស់ទំហំបទល្មើសនៃការដាំរុក្ខជាតិញៀននេះមិនមែនលំៗ មនុស្សធម្មតាអាចធ្វើបាននោះទេ ។ យ៉ាងហោចណាស់ក៏មានតួនាទីអំណាចធំត្រឹមលោក ម៉ៅ ធនារក្ស ដែរ ។

អ្នកច្បាប់ខ្លះបានឲ្យដឹងថា តាមទិដ្ឋភាព នៃបទល្មើសនេះម្ចាស់ទីតាំងត្រូវតែជាប់ពាក់ព័ន្ធការស៊ើបអង្កេតជាបឋមក្នុងករណីឃុបឃិតផ្ដល់ទីតាំងឲ្យប្រព្រឹត្តបទល្មើស និងការលាក់បំពួនជនបរទេសខុសច្បាប់ ។ ប៉ុន្តែឲ្យធ្វើយ៉ាងណាទៅ បើម្ចាស់ទីតាំងជាអ្នកធំ…។ បើត្រឹមតែរាស្ត្រសាមញ្ញអ្នកណាទៅថាអី សូម្បីប្ញសមួយសរសៃក៏មិនឱ្យសល់ដែរ… ។ នេះហើយជាទម្លាប់ នៃការបោសសំអាតរឿងរ៉ាវល្មើសនៅកម្ពុជា ដែលគេផ្ដើមធ្វើពីក្រោម ខុសផ្ទុយពីកាំជណ្ដើរដែលគេបោសពីលើចុះមកក្រោម ៕

Advertisement
Advertisement