Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកអភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋចំនួនប្រមាណ ២៥២នាក់ ក្នុងឃុំកែវផុស

ព្រះសីហនុ៖ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម វេជ្ជបណ្ឌិត ហ៊ាន សុខនាង ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនថ្នាក់កណ្ដាល បានដឹកនាំ ក្រុមការងារ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃ សមាគមប្រឹក្សាសុខភាព ប្រជាជនសាខាខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលសួរសុខទុក្ខពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋចំនួនប្រមាណ ២៥២នាក់ មកពីភូមិចំនួន ០៣ គឺភូមិកែវផុស ភូមិឬទ្ធី១ និងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

កម្មវិធីនេះធ្វើឡើង នាព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដោយរៀបចំឡើងក្នុងបរិវេនវត្តឬទ្ធីរតនារាម (វត្តកែវផុស)។

កម្មវិធីពិនិត្យជំងឺនេះរួមមាន៖ ជំងឺមាត់ធ្មេញ, ជំងឺរោគស្ត្រី, ជំងឺគ្រុនផ្តាសាយ, ជំងឺទឹកនោមផ្អែម, ជំងឺក្រពះ ពោះវៀន, ជំងឺលើសសំពាធឈាម, ជំងឺរោគកុមារ, ជំងឺភ្នែក, ជំងឺសើស្បែក (ច្រើនកើតនៅរដូវវស្សា), ជំងឺច្រមុះ ត្រចៀក បំពងក, ជំងឺរលាកសន្លាក់, និងជំងឺផ្សេងៗ ទៀត។

នាឱកាសនោះ លោកអនុបណ្ឌិត សៀន ភារម្យ ជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះធ្វើសកម្មភាពមនុស្សធម៌ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ខេត្ត-រាជធានីច្រើនដងរួចមកហើយ ដូចជាសកម្មភាពកន្លងមកកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ សមាគមប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន សាខាខេត្តបានធ្វើសកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺទូទៅបឋមលើកទី១ នៅទីលានទុកដាក់សំរាមសំណល់រឹងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។ ហើយសំរាប់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមប្រឹក្សាសុខភាព ប្រជាជន សាខាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងពិនិត្យជំងឺសិក្សាអំពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិចំនួន០៣ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ចំនួន ២៥២នាក់ (ស្រ្តីចំនួន ១៦២នាក់) និងកុមារចំនួន ១៣នាក់។ ក្នុងនោះក្រុមការងារសមាគមប្រឹក្សាសុខភាពក៏បាននាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃក្នុងវត្ត ឬទ្ធីរតនារាម (វត្តកែវផុស ) ឃុំអូរត្រេះផងដែរ។

ជាមួយគ្នានោះ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទឹងហាវបានលើកឡើងថា ដោយមើលឃើញនូវសក្តានុពលរីកចំរើន និងមានការអភិវឌ្ឍន៍ឆាប់រហ័សរបស់ស្រុក លោកក៏បានគិតគូរអំពីសុខុមាលភាពទូទៅរបស់បងប្អូនប្រជាជន ព្រោះថារដូវកាលនេះជារដូវវស្សា មានភ្លៀងធ្លាក់គ្រប់ទីកន្លែង ដែលជាហេតុបង្កឲ្យមានជំងឺ ផ្តាសាយ ជំងឺគ្រុនឈាមជាដើម។ល។ ក្នុងនោះដែរ អ្វីដែលជាបំណងរបស់សមាគមចុះមកទីនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយអប់រំបង្ការ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋសហគមន៍នៅក្នុងឃុំកែវផុស។

លោក ជាវ វិជ្ជាក់ បានថ្លែងអំណរអរគុណ ជូនចំពោះលោកអភិបាលស្រុក លោកអភិបាលរងស្រុក និងលោកមេឃុំកែវផុស ព្រមទាំងលោកប្រធានមណ្ឌល និងសហការី ដែលបានចំណាយពេលវេលាដ៏មានតំលៃជួយសម្របសម្រួលផ្ដល់នូវទីតាំងធ្វើពិធីនាពេលនេះ ដើម្បីសិក្សាអំពីសុខុមាលភាពនិងពិនិត្យជំងឺទូទៅជូនបងប្អូនប្រជាជនក្នុងឃុំកែវផុស៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement