Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្មករ កម្មការិនី សំណូមពរឯកឧត្តម គួច ចំរើន ជួយអន្តរាគមន៍បើកច្រកចេញចូលតំបន់សេដ្ឋកិច្ចពិសេសតភ្ជាប់ជាមួយផ្លូវក្នុងភូមិដែលមានស្រាប់ ងាយស្រួលពួកគាត់ធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ៖ លោក លី ភា តំណាងប្រជាពលរដ្ឋ និងកម្មករ កម្មការិនីជាង ២០០គ្រួសារ រស់នៅនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបញ្ជាក់ថា មកដល់ពេលនេះមានរយៈពេលជាង ០៣ឆ្នាំមកហើយ ដែលបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី បានដាក់ការស្នើរសុំទៅថ្នាក់ដឹកនាំអជ្ញាធរស្រុកព្រៃនប់ឲ្យជួយអន្តរាគមន៍បើកច្រកចេញចូលតំបន់សេដ្ឋកិច្ចពិសេសតភ្ជាប់ជាមួយផ្លូវក្នុងភូមិដែលមានស្រាប់ នៅមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។

លោក លី ភា បានបន្តទៀតថា តំបន់ភូមិពូធឿង ជាតំបន់នៅជាប់និងរបងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ហើយក៏ជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើនផងដែរ។ ប្រជាពលរដ្ឋរស់នៅតំបន់នេះ ភាគច្រើនបំរើការងារជាកម្មកររោងចក្រតំបន់សេដ្ឋកិច្ច ពិសេសតែម្តង។ ជារៀងរាល់ថ្ងៃផ្លូវក្នុងភូមិតែងតែកកស្ទះចរាចរណ៍ស្ទើគ្រប់ពេលវេលានិងបង្ករគ្រោះថ្នាក់ចរាចរណ៍ជាហូរហែ ជាពិសេសពេលដែលបងប្អូនកម្មករ កម្មការិនីចេញទៅបម្រើការងារ និងពេលត្រឡប់មកពីការងារវិញ។

ផ្តើមចេញពីបញ្ហានេះ បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋរស់នៅភូមិពូធឿង ក៏បានដាក់សំណើសុំទៅថ្នាក់ដឹកនាំស្រុកព្រៃនប់ឲ្យជួយអន្តរាគមន៍បើកផ្លូវចេញចូល ត្រង់ចំណុចក្បែរអាគារស្នាក់នៅកម្មករ កម្មការិនីក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីផ្តល់ភាពងាយស្រួលចេញចូលទៅបម្រើការងារក្នុងរោងចក្រ និងបានជួយសម្រួលដល់បងប្អូនកម្មករ កម្មការិនីមួយចំនួនធំដែលមិនមានមធ្យោបាយផ្ទាល់ខ្លួន ដោយអ្នកខ្លះជិះម៉ូតូឌុប និងអ្នកខ្លះ ទៀត ធ្វើដំណើរថ្មើជើង ហើយត្រូវធ្វើដំណើរវាងឆ្ងាយពីកន្លែងស្នាក់នៅទៅរោងចក្រ និងពីរោងចក្រមកកន្លែងស្នាក់នៅវិញផងដែរ។

បញ្ហារនេះថ្នាក់ដឹកនាំអាជ្ញាធរស្រុកព្រៃនប់ រួមនិងមន្រ្តីជំនាញពាក់ព័ន្ធក៏បានយកចិត្តទុកដាក់បំផុតផងដែរ ក្នុងការចចារជាមួយភាគីរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ក្នុងរយៈពេលជាង០៣ឆ្នាំកន្លងមកនេះ ជាលទ្ធផលទទួលបានត្រឹមពាក្យថារងចាំថ្ងៃនេះថ្ងៃនោះតែប៉ុណ្ណោះ។

បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ សំណូមពរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ជាអភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ សូមជួយបើកផ្លូវចេញចូលដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករកម្មការនី ដោយសារពួកគាត់មានការលំបាកខ្លាំងក្នុងការធ្វើដំណើរមានការកកស្ទះជាខ្លាំង ហើយត្រូវដើរវាងឆ្ងាយហើយប្រឈមនិងគ្រោះថែមទៀតផង។

ជុំវិញបញ្ហានេះ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់បានបញ្ជាក់ថា ពាក់ព័ន្ធនិងការស្នើរសុំបើកផ្លូវនេះ ភាគីខាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស នៅមិនទាន់សម្រេចនៅឡើងទេ។ដោយបញ្ហានេះ នាយកក្រុមហ៊ុនគេនិងបើកកិច្ចប្រជុំដើម្បីដាក់ការស្នើរសុំទៅក្រុមប្រឹក្សាភិបាល ព្រោះវាពាក់ព័ន្ធនិងសន្តិសុខសុវត្ថិភាពក្នុងតំបន់រោងចក្រសេដ្ឋកិច្ចពិសេសទាំងមូល៕ ដោយ៖ ដែនសមុទ្រ

Advertisement
Advertisement