Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមការងារបច្ចេកទេសខេត្តព្រះសីហនុ ចុះសិក្សាគម្រោងអភិវឌ្ឍផ្លូវ ក្នុងសង្កាត់លេខ៣ និងសង្កាត់លេខ៤

ព្រះសីហនុ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ក្រុមការងារបច្ចេកទេសខេត្ត រួមជាមួយអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងភូមិ ចុះសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងក្រុងស្រុកទាំង៥ និងឃុំសង្កាត់ទាំង២៩ ទូទាំងខេត្តព្រះសីហនុ ដើម្បីចាត់អាទិភាពបញ្ចូលទៅក្នុងបញ្ជីគម្រោងអភិវឌ្ឍឆ្នាំ២០២៤ ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលខេត្ត។

តាមការបញ្ជាក់របស់ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានឱ្យដឹងថា នៅក្នុងផែនការរបស់ក្រុមការងារខេត្ត នៅក្នុងចំណោមក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ ក្រុមការងាររបស់លោក បានចុះសិក្សាគម្រោង បានចំនួន២ក្រុងស្រុករួចហើយគឺក្រុងកោះរ៉ុង និងស្រុកកំពង់សីលា ដោយឡែកចំពោះថ្ងៃនេះគឺក្រុមការងាររបស់លោកបានបន្តចុះសិក្សាគម្រោងនៅក្នុងក្រុងព្រះសីហនុ ដែលមានចំនួន០៤សង្កាត់ ដោយចាប់ផ្តើមសិក្សាពីសង្កាត់លេខ៣ និងសង្កាត់លេខ៤ទៅមុនដែលជាគម្រោងស្នើសុំដោយក្រុមប្រឹក្សាសង្កាត់ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។

លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បន្តថា ស្របពេលនៃការចម្រើនរបស់ខេត្តព្រះសីហនុ ក្នុងនោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅតាមទីប្រជុំជន និងជនបទ គឺជាការងារអទិភាព ដើម្បីបំពេញតម្រូវការ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ខណៈពេលដែលភូមិនីមួយៗមិនទាន់មានផ្លូវបេតុងប្រើប្រាស់គ្រប់គ្រាន់នៅឡើយ។

ជាមួយគ្នានោះ លោកថា ថ្ងៃនេះក្រុមការងារបានចុះពិនិត្យសិក្សាផ្លូវជូនបងប្អូនប្រជាពលរដ្ឋដែលបច្ចុប្បន្នមានការលំបាកក្នុងការធ្វើដំណើរ ហើយក្រោយពីក្រុមការងារចុះសិក្សាគម្រោងរួចរាល់ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃដាក់បញ្ចូលទៅក្នុងបញ្ជីគម្រោងអាទិភាពឆ្នាំ២០២៤៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement