Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យជាជនជាតិចិន ចាប់ចំរិតជនជាតិចិនដូចគ្នា ទារប្រាក់មួយលានដុល្លារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹង នៅវេលាម៉ោង ០៦ និង ០០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកថា មានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិន ១នាក់ ចូលក្នុងរថយន្ត នៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព ភ្លាមនោះកម្លាំងជំនាញយើងបានធ្វើការជិះដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុច ស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលអោយរងរបួសបុរស១នាក់ បន្ទាប់មក រថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុច មុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបន្តបុករថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលអោយខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ចយើងធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន ភ្លាមនោះ ជនសង្ស័យ២នាក់បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមាន១នាក់សៀតអាវុធខ្លី១ដើមនៅចង្កេះរត់ចូលក្នុងផ្សារ និង១នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើមរត់ទៅតាមផ្លូវគៀនផ្សារ ពេលនោះ កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ១នាក់ដែលមានអាវុធខ្លី ចំណែកជនសង្ស័យ១នាក់ទៀតដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ចយើង ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើការផ្ទុះអាវុធ២គ្រាប់ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មក កម្លាំងសមត្ថកិច្ចយើងបាននាំជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យ១នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន: រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 (ជាមធ្យោបាយជិះធ្វើសកម្មភាព)។, អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់ ១ មាន ៣គ្រាប់) ជាអាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ។, កូនកាំបិតចុងស្រួច ០១ដើម។, ទូរស័ព្ទដៃ ២គ្រឿង។, លិខិតឆ្លងដែន ២ក្បាល។, កាតរឹង ២សន្លឹក។, កាបូបក្រវាត់ចង្កេះ ១។, នាឡិកាដៃ ២គ្រឿង។, ខ្សែ ១ខ្សែ។

បច្ចុប្បន្នករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំជនសង្ស័យ ដើម្បីបន្តនីតិវិធីទៅតាមច្បាប់៕ ដោយ៖ ដែនសមុទ្រ

Advertisement
Advertisement