Connect with us

Hi, what are you looking for?

ពីនេះ ពីនោះ

ពីនេះ..ពីនោះ, សម្បថអ្នកតំណាងរាស្ត្រ

រូបភាពអ្នកតំណាងរាស្ត្រអាណត្តិទី ៧

ភ្នំពេញ : មុនទទួលទានទឹកពិភទ្ទសច្ចា (ទឹកសម្បថ) កាលពីថ្ងៃទី២១ សីហា ឆ្នាំ ២០២៣ អ្នកតំណាងរាស្ត្រជាប់ឆ្នោតថ្មី ដែលមកពីគណបក្សប្រជាជនចំនួន១២០ រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិច៥រូបបានសូត្រពាក្យ ពេចន៍សច្ចាប្រណិធាន តាមសម្តេចព្រះសង្ឃរាជដោយពាក្យពេចន៍ទាំងនោះ មានដូចខាងក្រោម៖

រូបភាពអ្នកតំណាងរាស្ត្រអាណត្តិទី ៧

ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និងសមា ជិករដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា សូមធ្វើសច្ចាប្រណិ ធាននៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ ព្រះភ័ក្ត្រ នៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដូចតទៅ ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្ត្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំ យើងខ្ញុំគ្រប់រូប ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និង មាតុភូមិកម្ពុជា។ ទូលព្រះបង្គំ យើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬ សម្រាប់ គ្រួសារ ឬ សម្រាប់ បក្សពួក ឬ សម្រាប់ភាគីរៀងៗខ្លួនឡើយ។

ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាប្ដូរផ្ដាច់ ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា, អធិបតេយ្យភាពជាតិ ពេញបរិបូរណ៍, បូរណភាព ទឹកដី ដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែន ដីគោក និងព្រំដែន សមុទ្រ ដែលកម្ពុជា ធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់ ១៩៦ ៩, ឯកភាពជាតិ ហើយមិនអនុញ្ញាតឱ្យមានការបែងចែក ឬការធ្វើអបគមន៍ ណាមួយឡើយ។

ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញារក្សាទុកជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឱ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទែ ក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជា ចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់ កម្ពុជាបានឡើយ។ ទូលព្រះបង្គំ យើងខ្ញុំ មិនបម្រើជាដាច់ខាតនូវប្រយោជន៍ បរទេស ហើយធ្វើឱ្យខូចខាតដល់ផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និង មាតុភូមិកម្ពុជាឡើយ។

ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំ យើងខ្ញុំ នឹងបំបាត់ចោលទាំង ស្រុងនូវអំពើហិង្សាគ្រប់បែបយ៉ាង។ ប៉ុន្តែព្រះរាជា ណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំង និងការរំលោភ ឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។

ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំង មានការគោរពយ៉ាងម៉ឹងម៉ាត់ ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្ដីប្រកាសជាសកលស្ដីអំពីសិទ្ធិមនុស្ស។

ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាតស៊ូប្រឆាំងអំពើពុក រលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូ ដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និងសន្ដិភាពជាតិ ដើម្បីភាពសម្បូរ សប្បាយ នៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទី ស្នេហា នៃទូលព្រះបង្គំ យើងខ្ញុំ គ្រប់រូប៕

Advertisement
Advertisement