Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការអូសបន្លាយជួសជុលកំណាត់ផ្លូវជាតិលេខ៧៦កំពុងសម្លាប់ខេត្តភាគឦសាន

ទស្សនៈសកល ក៏ដូចជាការធ្លាប់លើកឡើងជាញយ ដងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេច ហ៊ុន សែន ថា “ផ្លូវគឺជាសរសៃឈាម” ឬ “មានផ្លូវមានសង្ឃឹម” ។ ដូច្នេះផ្លូវបានដើរតួនាទីសំខាន់ណាស់ក្នុងការធ្វើឲ្យជីវិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលសាធារណៈពីតំបន់មួយទៅតំបន់មួយ អាច រស់រានដំណើរការទៅបាន។

ប៉ុន្តែកំណាត់ដ៍ខ្លី នៃផ្លូវជាតិលេខ៧៦នៅចំណុច អូរងើយ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ភ្ជាប់ខេត្ត ភាគឦសានដែលបាក់ស្រុតដោយគ្រោះធម្មជាតិរហូតមកដល់ពេល នេះជិត២ខែហើយនៅតែមិនទាន់អាចដាក់ឲ្យដំណើរការបានដែលសូម្បីតែផ្លូវវៀងប្រមាណ ៣-៤រយម៉ែត្រ ។ ការនេះបណ្ដាលមកពីរដ្ឋខ្វះលុយដើម្បីជួសជុល ឬក៏ស្ថាប័នជំនាញខ្វះឆន្ទៈ ខ្វះសមត្ថភាព ?

តាមការសិក្សានៅប្រទេសមួយចំនួន ពិសេសប្រទេសជប៉ុនដែលសម្បូរដោយពំនើងផ្នត់ បំណាក់ស្រុត ផ្លូវគមនាគមន៍របស់គេស្ទើរតែមិនរំលោះថ្ងៃបានប្រឈមនឹងបញ្ហា ។ ប៉ុន្តែជប៉ុនមិនទុកឲ្យបញ្ហាទាំងនេះញាំញីដល់ជីវិតជីវភាពពលរដ្ឋ និងសង្គមរបស់គេឡើយ ។ ពោលគឺកើតភ្លាមដោះស្រាយភ្លាម ។ ចុះចម្លែកអីតែកម្ពុជា ?

ជាមួយ នឹងការយឺតយូរដែលធ្វើឲ្យប៉ះពាល់ដ៍ធ្ងន់ធ្ងរដល់ការធ្វើដំណើរ ក៏ដូចជាសេដ្ឋកិច្ចទាំងពលរដ្ឋ និងខេត្តភាគឦសាន កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋបាលក៏ដូច ជាមន្ទីរសាធារណការខេត្តមណ្ឌលគិរី បានចេញសេចក្ដី ប្រកាសផ្អាកមិនឲ្យរថយន្តដឹកទំនិញធំៗធ្វើដំណើរឆ្លង កាត់តាមផ្លូវវៀងនោះទេ ដោយសំអាងថា ភ្លៀងខ្លាំង ដីទន់ ។

ទាំងនេះត្រូវគេមើលឃើញថា គ្រាន់តែជាឡេសដែលបិទបាំងការមិនទទួលខុសត្រូវមួយតែប៉ុណ្ណោះ ដែលពុំបានឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសូម្បីបន្តិចសោះ ។ ព្រោះថា បើទោះបីជាមានបាតុភូតធម្មជាតិខ្លាំងក្លាយ៉ាងណា ក៏សេដ្ឋកិច្ចខេត្តភាគឦសាននៅតែត្រូវការរស់ ពលរដ្ឋនៅតែធ្វើដំណើរ មិនមែនទាញភួយសម្ងំដេកនោះទេ ។ ដូច្នេះរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវតែពិចារណាថា តើគួរទុកឱ្យដើមឈើងាប់ដែលរលំកាត់ផ្លូវ កាត់ផ្ដាច់សរសៃ ឈាមខេត្តភាគឦសាននៅបន្តទៀត ឬក៏ត្រូវអូសចេញ ?

Advertisement
Advertisement