Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូអនុវិទ្យាល័យអូរឫស្សីកណ្ដាលចោទនាយកថា លួចក្បៀសប្រាក់អាហារូបករណ៍សិស្ស និងប្រាក់សាលា

(រូបតូច)លោក កែវ សារ៉ាត់ នាយកអនុវិទ្យាល័យអូរឫស្សីកណ្ដាល

ស្ទឹងត្រែង : ក្រុមអាណាព្យាបាលសិស្សក៏ដូចជាលោកគ្រូ-អ្នកគ្រូ នៃអនុវិទ្យាល័យអូរប្ញស្សីកណ្ដាលដែលមានទីតាំងស្ថិតក្នុងឃុំអូរប្ញស្សីកណ្ដាល ស្រុកសៀមបូកខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះបានសម្ដែងប្រតិកម្មដោយចោទនាយកអនុវិទ្យាល័យរបស់ខ្លួនគឺលោក កែវ សាវ៉ាត់ ថាបានលួចកាត់ក្បៀសប្រាក់អាហារូបករណ៍សម្រាប់សិស្សក្រីក្រ និងប្រាក់ឧបត្ថម្ភសាលា ។

(រូបតូច)លោក កែវ សាវ៉ាត់ នាយកអនុវិទ្យាល័យអូរឫស្សីកណ្ដាល

តាមសេចក្ដីរាយការណ៍ថា សម្រាប់រយៈពេល ២ ឆ្នាំអនុវិទ្យាល័យខាងលើទទួលបានប្រាក់២៨លានរៀលសម្រាប់ឧបត្ថម្ភដល់សិស្សក្រីក្រ និងប្រាក់សម្រាប់ចាត់ចែងការចំណាយទូទៅក្នុងសាលាជាង៣០លាន រៀល ។ ប៉ុន្តែដោយមានការសង្ស័យករណីប្រព្រឹត្តអំពើពុករលួយសម្រាប់ប្រាក់ឧបត្ថម្ភសិស្សក្រីក្រខាងមន្ទីរបានកាក់ទុក៤ លាន ដោយផ្ដល់ឱ្យទៅសាលាតែ ២៤លានរៀលតែប៉ុណ្ណោះ ។

ប្រភពថា គេបានរកឃើញ ក្នុងចំនួនទឹកប្រាក់ជាង៣០ លានរៀលសម្រាប់ឧបត្ថម្ភសាលាគឺខាងសាលាបានចំណាយជាក់ស្ដែងត្រឹមតែ៤០% ប៉ុណ្ណោះគឺប្រហែល ១២លានរៀល ចំណែកប្រាក់នៅសល់៦០% ទៀតគឺ ប្រហែល១៨លានរៀល រួមទាំងប្រាក់ឧបត្ថម្ភសម្រាប់សិស្សក្រីក្រ២៤លានរៀល សរុប៤២លាន រៀលបាត់ស្រមោលឈឹងតែម្ដង ដែលគេសង្ស័យថាអាចរអិលធ្លាក់ចូលទៅក្នុងហោប៉ៅលោកនាយកអនុវិទ្យាល័យ ។

ប្រភពបានបញ្ជាក់បន្ថែមថា ការនេះបានធ្វើឲ្យសិស្សក្រីក្រភាគច្រើនមានទីលំនៅឆ្ងាយពីសាលាបោះបង់ ចោលការសិក្សាជាបន្តបន្ទាប់ ដែលគេរកឃើញថារហូតមកដល់ពេលនេះមានជាង១០នាក់ហើយក្នុងចំណោមសិស្សក្រីក្រទាំង៦០នាក់។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើលោក កែវ សាវ៉ាត់ នាយកអនុវិទ្យាល័យអូរប្ញស្សីកណ្ដាលបានប្រាប់ann ថា ពុំមានព័ត៌មានបែបនេះទេ ហើយអ្វីៗទាំងអស់គឺលោកគ្រាន់តែអនុវត្តតាមតារាងកំណត់របស់ស្រុកតែប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយអាណាព្យាបាលសិស្សក៏ដូចជាលោក-គ្រូអ្នកគ្រូ បានទទូចទាមទារឲ្យមានការធ្វើអធិការ កិច្ចចំពោះសំណុំរឿងនេះជាបន្ទាន់ ប្រយោជន៍ដើម្បីជួយសង្គ្រោះសិស្សក្រីក្រឲ្យបានទទួលការសិក្សារៀនសូត្រ និងកែលម្អមុខមាត់សាលា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មីក្នុងការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ៕

Advertisement
Advertisement