Connect with us

Hi, what are you looking for?

ក្នុងស្រុក

តុលាការសម្រេចឃុំខ្លួនស្នងការរងខេត្តកំពង់ស្ពឺម្នាក់ពីបទល្មើសទ្វេពន្ធភាព

បើតាមព័ត៌មានដែលទទួលបាន លោក សេង រិទ្ធី ដែលជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចបង្គាប់ឱ្យកងកម្លាំងធ្វើការឃុំខ្លួនទៅលើបុគ្គលឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ជាមន្រ្តីនគរបាល មានឋានៈជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទទ្វេពន្ធភាព។

គួរបញ្ជាក់ថា ចំពោះបទចោទប្រកាន់ខាងលើរហូតឈានដល់ការសម្រេចឃុំខ្លួននេះ កើតឡើងក្រោយពេលដែលមានព័ត៌មានកក្រើកយ៉ាងខ្លាំងពាក់ព័ន្ធនឹងបុគ្គលជាស្នងការរងខាងលើនេះបានក្លែងបន្លំនូវឯកសារបញ្ជាក់ភាពពោះម៉ាយ ក្នុងគោលបំណងរៀបការជាមួយស្រ្តីម្នាក់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយបានលេចឮដំណឹងដល់ស្រ្តីជាភរិយា ដែលគេដឹងថាជាមន្រ្តីនគរបាលដែរនោះ ផ្អើលឆោឡោរហូតដល់ស្នើឱ្យសមត្ថកិច្ចបញ្ជូនខ្លួនជនខាងលើនេះទៅតុលាការចាត់ការតាមនីតិវិធីតែម្តង។

បទល្មើសទ្វេពន្ធភាព ដែលមានចែងក្នុងមាត្រា៣៥០​ នៃក្រមព្រហ្មទណ្ឌ សំដៅលើអំពើដែលបុរស ឬស្រ្តីណាដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ថ្មី មុនការរំលាយអាពាហ៍ពិពាហ៍ចាស់។ ត្រូវផ្ដន្ទាទោសដូចគ្នា ចំពោះមន្រ្តីអាត្រានុកូលដ្ឋានដែលដឹងហេតុការណ៍នោះច្បាស់ នៅតែអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ ឬចុះបញ្ជីអាពាហ៍ពិពាហ៍នេះ មុនការរំលាយអាពាហ៍ពិពាហ៍ចាស់។ បទល្មើសទ្វេពន្ធភាពអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល និងដោយឡែកបើតាមមាត្រា ៩ នៃច្បាប់ស្ដីពីឯកពន្ធភាពផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ២សែនរៀល ទៅ ១លានរៀល៕

Advertisement
Advertisement